ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា នារសៀលថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២៥បានពិភាក្សាការងាររដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីទទួលបន្ទុកសេវាកម្មហិរញ្ញវត្ថុជប៉ុន ស្តីអំពីហិរញ្ញប្បទានសហប្រតិបត្តិការទ្វេភាគី។ នាឱកាសនេះ ភាគីទាំងពីរនឹងបន្តពូនជ្រុំកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុនិងអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ។
លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមចំណែកយ៉ាងសកម្មដល់ដំណើរការកសាងសន្តិភាពនិងបានជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ទំនាក់ទំនងជាដៃគូយុទ្ធ-សាស្ត្រគ្រប់ជ្រុងជ្រោយ និងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ។
ជាមួយគ្នានេះ ហិរញ្ញប្បទានពីប្រទេសជប៉ុនទាំងឥណទានសម្បទា និងហិរញ្ញប្បទានឥតសំណង បានឆ្លើយតបទាន់ពេលវេលា និងចំតម្រូវការជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយបានរួមចំណែកយ៉ាងធំធេងដល់ការកសាងមូលដ្ឋានគ្រឹះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ។ លើសពីនេះ ហិរញ្ញប្បទានពីរដ្ឋាភិបាលជប៉ុន បានរួមចំណែកដល់ការតភ្ជាប់ផ្ទក្នុងប្រទេសកម្ពុជា និងឈានទៅធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់ និងពិភពលោក។
លោក KATO Katsunobu រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីទទួលបន្ទុក សេវាកម្មហិរញ្ញវត្ថុជប៉ុន បានគាំទ្រការអភិវឌ្ឍនៅកម្ពុជា ទាំងក្នុងក្របខណ្ឌហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ និង វិនិយោគផ្ទាល់ពីប្រទេសជប៉ុន លោកបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃហិរញ្ញប្បទានសហប្រតិបត្តិការរបស់ជប៉ុននៅកម្ពុជា ជាពិសេស គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត មានដូចជា ផ្លូវថ្នល់ ស្ពាន កំពង់ផែអន្តរជាតិ ប្រព័ន្ធធារាសាស្ត្រ បណ្តាញអគ្គិសនី មន្ទីរពេទ្យ និងសាលារៀន ជាដើម។ រដ្ឋាភិបាលជប៉ុនក៏ផ្តោត ការយកចិត្តទុកដាក់ផងដែរដល់ការវិនិយោគពីសំណាក់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ដែលជាកត្តាគន្លឹះទ្រទ្រង់កំណើនសេដ្ឋកិច្ចការអភិវឌ្ឍប្រកបដោយចីរភាព ។
លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និង លោក KATO Katsunobu រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីទទួលបន្ទុកសេវាកម្មហិរញ្ញវត្ថុជប៉ុន ក៏បានពិភាក្សាផងដែរអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងក្របខណ្ឌអាស៊ាន អាស៊ានបូក ១ និង អាស៊ានបូក ៣ជាដើម ។ល។