681 ezgif.com resize
Swift cc time

អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួននៅរុស្ស៊ី ត្រៀមបញ្ជូនមកកម្ពុជាវិញ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

ភ្នំពេញ៖ អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានប្រកាសមោឃភាពលិខិតឆ្លងដែន ដោយក្រសួងមហាផ្ទៃ បន្ទាប់ពីបានប្រព្រឹត្តពាក់ព័ន្ធករណីគំរាមកំហែងហែកកេរ្តិ៍ស្ថានទម្ងន់ទោស ប្រព្រឹត្តទៅនៅប្រទេសកម្ពុជា ក្នុងខែ វិច្ឆិកា ឆ្នាំ២០២៤។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា អតីតអ្នកឧកញ៉ា ហេង សិទ្ធី ភេទប្រុស កើតថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៨៩ ត្រូវបានក្រសួងមហាផ្ទៃ បានប្រកាសមោឃភាពលិខិតឆ្លងដែនធម្មតាលេខ NO1309414 របស់លោក។ អតីតឯកញ៉ាម្នាក់នេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកា បង្គាប់ឱ្យចាប់ខ្លួន ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ពីបទគំរាមកំហែងហែកកេរ្តិ៍ស្ថានទម្ងន់ទោស ប្រព្រឹត្តទៅនៅប្រទេសកម្ពុជាក្នុងខែ វិច្ឆិកា ឆ្នាំ២០២៤។

បើតាមសេចក្តីប្រកាសដដែល បច្ចុប្បន្នអតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួននៅតំបន់ព្រំដែននៃប្រទេសរុស្ស៊ី និង ត្រៀមបញ្ជូនមកកម្ពុជាវិញដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

គួរបញ្ជាក់ថា កាលពី​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០២៤ ព្រះមហាក្សត្រ​ខ្មែរ សម្តេច​ព្រះ​នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​គោរមងារ​ជា​អ្នកឧកញ៉ា​របស់​អ្នកឧកញ៉ា ហេង សិទ្ធី ។ការបញ្ចប់គោរមងារអ្នកឧកញ៉ានេះ គឺបន្ទាប់ពីមានជនជាតិសិង្ហបុរីម្នាក់ ប្តឹងអ្នកឧកញ៉ា ហេង សិទ្ធី ពីបទបរិហារកេរ្តិ៍ និងគំរាមកំហែងទារប្រាក់ចំនួន ២លានដុល្លារ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងភាពថ្លៃថ្នូរ ព្រមទាំងមានការរើសអើងជាសាធារណៈ៕

Khcct banner

អត្ថបទទាក់ទង