ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)ក្នុងឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ បានបំបែកកំណត់ត្រាប្រចាំឆ្នាំតាមរយៈការអនុម័តគម្រោងវិនិយោគសរុបចំនួន ៤១៤គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន ៣៨៧គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៦,៩ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណជិត ៣២ម៉ឺនកន្លែង។ នេះបើតាមសេចក្ដីប្រកាសរបស់CDC។
បើតាមសេចក្ដីប្រកាស ក្នុងចំណោមគម្រោងវិនិយោគទាំង ៤១៤គម្រោង គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន២៦៤គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន១៥០គម្រោង។ ជារួម ក្នុងឆ្នាំ២០២៤នេះ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន១៤៦គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជិត ២ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណជិត ៤០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ហើយក្នុងនោះគម្រោងពង្រីកផលិតកម្មបានកើនពី ២១គម្រោង ឡើងមក ២៧គម្រោង។
ក្នុងឆ្នាំ២០២៤ វិស័យឧស្សាហកម្ម នៅតែបន្តជាវិស័យលេចធ្លោជាងគេដោយបានស្រូបទាញគម្រោងវិនិយោគចំនួន ៣៩៤ គម្រោង ស្មើនឹងប្រមាណ ៩៥% នៃចំនួនគម្រោងវិនិយោគសរុប ខណៈទុនវិនិយោគក្នុងវិស័យនេះ មានប្រមាណ ៤,៨ ពាន់លានដុល្លារអាម៉េរិក ដែលចូលរួមចំណែក ៦៩% នទុនវិនិយោគសរុប និងមានកំណើនដល់ទៅប្រមាណ ១១០% ធៀបនឹងឆ្នាំ២០២៣។
ទន្ទឹមនេះ វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម មានចំនួន ៨គម្រោង ក្នុងទុនវិនិយោគសរុបជាង ១២១លានដុល្លារអាម៉េរិក ស្មើនឹង ២%, វិស័យទេសចរណ៍ មានចំនួន ៤គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៧៣៨លានដុល្លារអាម៉េរិក ស្មើនឹង១១%, វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ មានគម្រោងវិនិយោគចំនួន ៨គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណជាង ១,៣ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ១៨% នៃទុនវិនិយោគសរុប។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៤កន្លងទៅនេះ ការវិនិយោគមកពីសារធារណរដ្ឋប្រជាមានិតចិនស្ថិតនៅលំដាប់លេខរៀងទី១, កម្ពុជាស្ថិតនៅលំដាប់លេខរៀងទី២ និងវៀតណាមស្ថិតនៅលំបាប់លេខរៀងទី៣ ដោយបានរួមចំណែកប្រមាណ ៥០%, ៣៤%, និង៨% នៃទុនវិនិយោគសរុបរៀងគ្នា៕