Cc times  web banner kh

កម្ពុជា-អ៊ីរ៉ង់ ​​​​​​​​​នឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
រូបភាព៖ ក្រសួងសុខាភិបាល

ភ្នំពេញ៖ កម្ពុជា-អ៊ីរ៉ង់ នឹងពង្រឹងនិងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យសុខាភិបាល ព្រមទាំងសិក្សាលើការផ្លាស់ប្តូរចែករំលែកចំណេះដឹង និងការនាំចូលផលិតផលឧបករណ៍វេជ្ជសាស្ត្រមកកម្ពុជា។ នេះបើតាមកិច្ចពិភាក្សាក្នុងជំនួបរវាងលោក Ali Akbar Nazari ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា និងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។

លោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ទៅលើវឌ្ឍនភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងឥតឈប់ឈររបស់កម្ពុជានាពេលកន្លងមក ក្នុងនោះវិស័យសុខាភិបាល ក៏ជាវិស័យមួយដែលមានវឌ្ឍនភាពយ៉ាងឆាប់រហ័សបំផុតមួយផងដែរ។ លោក បានបញ្ជាក់ជំហរ របស់សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ក្នុងការពង្រឹងនិងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈការសិក្សាលទ្ធភាពរៀបចំអនុស្សរណៈនៃការយោគយល់គ្នាលើគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ដែលរួមមាន ការផ្លាស់ប្តូរចែករំលែកចំណេះដឹង និងបទពិសោធន៍នៃបច្ចេកវិទ្យាវះកាត់ដោយរ៉ូបូត ការផ្លាស់ប្តូរបច្ចេកវិទ្យាវេជ្ជសាស្ត្រ និងអ្នកសិក្សាស្រាវជ្រាវ ព្រមទាំងលទ្ធភាពនៃការវិនិយោគលើការនាំចូលផលិតផលឱសថ ឧបករណ៍វេជ្ជសាស្ត្រ និងវ៉ាក់សាំងផងដែរ។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវការកោតសរសើរ ដល់ការរីកចម្រើន របស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ និងបានបញ្ជាក់ថានឹងពិនិត្យមើលលទ្ធភាព រៀបចំកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាលនៃប្រទេសទាំងពីរ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកលស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមុះមុត ប្រកបដោយគតិបណ្ឌិតរបស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង