ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាស ស្ដីពីការលើកលែងអាករពិសេសលើផលិតផលស៊ីម៉ង់ត៍ក្នុងស្រុក ដោយចាត់ទុកជាបន្ទុករបស់រដ្ឋ សម្រាប់រយៈពេល ២ឆ្នាំ ចាប់ពីឆ្នាំ២០២៥ ដល់ដំណាច់ឆ្នាំ២០២៦។ ការសម្រេចនេះ គឺដើម្បីចូលរួមគាំទ្រដល់ឧស្សាហកម្មផលិតស៊ីម៉ង់ត៍ក្នុងស្រុក។
យោងតាមសេចក្តីប្រកាស សហគ្រាសផលិតស៊ីម៉ង់ត៍ក្នុងស្រុកទាំងអស់ ត្រូវអនុវត្តនូវកាតព្វកិច្ចមួយចំនួនដោយដាក់លិខិតប្រកាសសារពើពន្ធប្រចាំខែនិងប្រចាំឆ្នាំ រួមទាំងពន្ធ-អាករ ត្រូវបានចាត់ទុកជាបន្ទុករបស់រដ្ឋ ដោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធតាមអនឡាញ (e-Filing) របស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
សហគ្រាសផលិតស៊ីម៉ង់ត៍ក្នុងស្រុកត្រូវកាន់ កត់ត្រា និង ថែរក្សាឯកសារបញ្ចិកាគណនេយ្យ និង ព័ត៌មានដែលទាក់ទិននឹងសកម្មភាពអាជីវកម្ម ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។
សហគ្រាសទាំងអស់ត្រូវខិតខំបង្កើនការបណ្តុះបណ្តាល និងផ្ទេរចំណេះដឹងនិងបច្ចេកទេសទៅបុគ្គលិកក្នុងស្រុកឱ្យបានកាន់តែច្រើន និងល្អប្រសើរ ដើម្បីចូលរួមចំណែកអភិវឌ្ឍធនធានមនុស្ស។បំពេញកាតព្វកិច្ចចំពោះរដ្ឋឱ្យបានត្រឹមត្រូវ ដូចជា ការបង់ពន្ធ-អាករផ្សេងទៀត សួយសាររ៉ែនិងមូលនិធិបរិស្ថាននិងសង្គម ជាដើម។
ជាចុងក្រោយ សហគ្រាសផលិតស៊ីម៉ង់ត៍ក្នុងស្រុកទាំងអស់ត្រូវរៀបចំរបាយការណ៍ប្រចាំឆ្នាំ ជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងថ្លៃដើម សមត្ថភាពផលិត ការប្រើប្រាស់វត្ថុធាតុដើម ការបណ្តុះបណ្តាល និង ការផ្ទេរចំណេះដឹងនិងបច្ចេកទេសទៅបុគ្គលិកក្នុងស្រុក និង ការចូលរួមកិច្ចការសង្គម៕