Cc times  web banner kh

កសិករនៅសង្កាត់រកាកណ្ដាលប្តូរមកធ្វើស្រូវ«ពូជសែនក្រអូប»របស់ខ្មែរ ខណៈពូជនេះកំពុងមានតម្លៃខ្ពស់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

ក្រចេះ៖ ប្រជាកសិករនៅ សង្កាត់ រកាកណ្ដាល ក្រុងក្រចេះ សម្រេចចិត្តប្តូរមកធ្វើស្រូវពូជសែនក្រអូបរបស់ខ្មែរ ជំនួសពូជស្រូវពីបរទេសវិញនៅរដូវកាលក្រោយ។ការសម្រេចចិត្តប្តូរនេះ ក្រោមហេតុផលថា ពូជស្រូវសែនក្រអូបរបស់ខ្មែរយើង គឺវាមានតម្លៃស្ថេរភាពល្អ ហើយជាពិសេស ទទួលបានការគាំទ្រពីទីផ្សារអន្តរជាតិ។

មន្ត្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយកញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានចុះជួបជាមួយប្រជាកសិករដោយផ្ទាល់ ដើម្បីសំណេះសំណាល និង ពន្យល់ពីស្ថានភាពដាំដុះពូជស្រូវរបស់កសិករ។

ក្នុងជំនួបនោះ កញ្ញា អ៊ឹម រចនា និងក្រុមការងារនៃក្រសួងកសិកម្មបានពន្យល់ និង លើកទឹកចិត្តប្រជាកសិករឱ្យងាកមកដាំដុះពូជស្រូវ «សែនក្រអូប០១» ដែលជាពូជស្រូវយុទ្ធសាស្ត្ររបស់ខ្មែរ មានតម្លៃខ្ពស់ រក្សាស្ថេរភាពតម្លៃ និង កំពុងទទួលបានការគាំទ្រពេញនិយមនៅលើទីផ្សារអន្តរជាតិ ដោយមិនភ័យនឹងតម្លៃរបស់វាឡើយ ព្រោះវាមានតម្រូវការនៅក្រៅប្រទេស អាចនាំឱ្យយើងមានទំនុកចិត្តក្នុងការដាំដុះ។

ចំពោះពូជស្រូវ«សែនក្រអូប»នេះ ទិន្នផលរបស់វាបានទាបមែន ដោយក្នុង ១ហិកតា ទទួលបានទិន្នផលប្រហែល ៣,៥ តោនក្តី ក៏ប៉ុន្តែតម្លៃរបស់វា១៣០០រៀលក្នុង ១គីឡូក្រាម គិតទៅក្នុង ១តោនអាចលក់បានលុយ ៤.៥៥០.០០០រៀល។នេះជាការលើកឡើងរបស់លោក អ៊ន ស៊ាង ចៅសង្កាត់រងទី១ សង្កាត់រកាកណ្តាល ក្រុងក្រចេះ។សម្រាប់ចៅសង្កាត់រូបនេះ បើធៀបជាមួយស្រូវ OM របស់បរទេស អាចផ្តល់ទិន្នផលខ្ពស់ក្នុង ១ហិកតា ៥តោនក៏ពិតមែន តែតម្លៃស្រូវប្រភេទនេះបានត្រឹមតែ ៨៥០ រៀលក្នុង១គីឡូក្រាម ឬទាបជាងនេះ គឺចាញ់ស្រូវសែនក្រអូប ដែលក្នុង១ហិកតាទទួលបានទិន្នផលត្រឹមតែជាង ៣តោនក៏ពិតមែន តែអាចលក់បានលុយរហូតដល់ ៤.៥៥០.០០០រៀលឯណោះ៕

រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង