Cc times  web banner kh

អាជ្ញាធរបន្ថែម«ស្តុបនិងគំនូសចែកទ្រូងផ្លូវ»នៅផ្លូវ៦០ម៉ែត្រ ក្រោយឃើញគ្រោះថ្នាក់ច្រើន

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ អាជ្ញាធររដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីជំនាញពាក់ព័ន្ធ កាលពីថ្ងៃទី ១២ មករាកន្លងទៅ បានចុះពិនិត្យអប់រំផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោកដល់អ្នកធ្វើដំណើរលើដងផ្លូវ«មហាវិថីសម្តេចតេជោ ៦០ម» និង បានពិនិត្យរៀបចំគូសគំនូសបែងចែកទ្រូងផ្លូវជាថ្មី ដំឡើងភ្លើងស្តុបបន្ថែម តាមទីតាំងមួយចំនួន។សកម្មភាពនេះ គឺធ្វើឡើងក្រោយពីមើលឃើញថា គ្រោះថ្នាក់ចរាចរណ៍បានកើតមានញឹកញាប់លើផ្លូវ៦០មនេះ។

លោក ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ប្រាប់ ស៊ីស៊ីថាមស៍ថា បច្ចុប្បន្ននេះ ក្រុមការងារពាក់ព័ន្ធ បានគូសគំនូសបែងចែកទ្រូងផ្លូវជាថ្មី, ដំឡើងភ្លើងស្តុបបន្ថែមនៅទីតាំងឆ្លងកាត់ដែលមានភាពមមាញឹកចូលបុរី និង ទីប្រជុំជន, ដាក់កាម៉េរ៉ាចាប់ល្បឿន និង ចុះផ្សព្វផ្សាយអប់រំ ណែនាំពីច្បាប់ចរាចរណ៍ផ្លូវគោក ចែកខិតបណ្ណ និងផ្តល់មួកសុវត្ថិភាពដល់អ្នកដំណើរដោយម៉ូតូជាដើម។

បើតាមមន្ត្រីអ្នកនាំពាក្យរូបនេះ ពន្យល់ថា អ្វីដែលសំខាន់ គឺការគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ពាប់ខ្ជួនពេលធ្វើដំណើរ ហើយលោកអំពាវដល់អ្នកធ្វើចរាចរណ៍តាមដងផ្លូវ ទោះដោយមធ្យោបាយណាក៏ដោយ ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួន ជាពិសេស កុំបើកបរលើសល្បឿនកំណត់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុដល់ខ្លួនឯង និង អ្នកដទៃ និងជៀសផុតពីការអនុវត្តច្បាប់ដោយនគរបាលចរាចរណ៍តាមដងផ្លូវ។

គួរបញ្ជាក់ថា នៅដើមឆ្នាំ២០២៥នេះ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ចំនួន២ករណីបានកើតឡើង លើដងផ្លូវមហាវិថីសម្តេចតេជោ ៦០ម នាំឱ្យបាត់បង់ជីវិតតារារ៉េបល្បីម្នាក់នៅកម្ពុជា និង កុមារតូច២នាក់រួមទាំងឪពុកបាត់បងជីវិត ដោយសារការបើកបរមិនគោរពច្បាប់។ម្លោះហើយបានជា អាជ្ញាធរពាក់ព័ន្ធ អំពាវនាវដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាពពេលបើកបរម៉ូតូ ពាក់ខ្សែក្រវាត់ពេលបើកបររថយន្ត និង កុំជិះបញ្ច្រាសផ្លូវ ជាដើម៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង