ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ១៣ មករានេះ បានចេញនូវសេចក្តីណែនាំមួយស្តីពី វិធីសាស្ត្របង្ការកុំឱ្យប្រជាពលរដ្ឋកម្ពុជា កើតនូវជំងឺទឹកនោមផ្អែម ប្រភេទទី២។វិធីសាស្ត្រនេះ មានចំនួន៤ចំណុចដែលធ្វើឡើងស្របពេលជំងឺទឹកនោមផ្អែមនេះ បានក្លាយជាក្តីបារម្ភថ្មីសម្រាប់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។
យោងតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល បានបង្ហោះសារខ្លីថា «ស្រឡាញ់សុខភាពអ្នក ការពារខ្លួនពីជំងឺទឹកនោមផ្អែមចាប់ពីឥឡូវនេះ»។ក្នុងសារអប់រំនោះ ក្រសួងសុខាភិបាល បានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ចូលរួមអនុវត្តនូវវិធីសាស្ត្រចំនួន ៤ ចំណុច។
បើតាមក្រសួងសុខាភិបាល ៤ ចំណុចនោះមានជាអាទិ៍ ត្រូវហាត់ប្រាណយ៉ាងតិច៣០នាទីរៀងរាល់ថ្ងៃ កាត់បន្ថយការទទួលទានភេសជ្ជៈផ្អែម និង អាហារផ្អែម ចៀសវាងការប្រើប្រាស់ គ្រឿងស្រវឹង និង ផលិតផលថ្នាំជក់គ្រប់ប្រភេទ និង ទទួលទានបន្លែឱ្យបានច្រើន និង ផ្លែឈើស្រស់។
ជាការកត់សម្គាល់ សេចក្តីណែនាំម្តងហើយម្តងទៀតរបស់ក្រសួងសុខាភិបាលកម្ពុជានៅពេលនេះ គឺធ្វើឡើងខណៈពេលដែលបច្ចុប្បន្ន សុខភាពរបស់ប្រជាជនកម្ពុជាបច្ចុប្បន្នកំពុងរងការវាយប្រហារដោយជំងឺទឹកនោមផ្អែម ដោយបូករួមទាំងកុមារ និង យុវជនក៏ប្រឈមជាមួយជំងឺនេះដែរ។
លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ត្រូវរួមគ្នាការពារកុំឱ្យកើត ជំងឺទឹកនោមផ្អែម ដោយចាប់ផ្តើមពីឥរិយាថបរបបអាហារប្រចាំថ្ងៃរបស់ក្រុមគ្រួសារនីមួយៗ។សម្រាប់លោករដ្ឋមន្ត្រី កាលពីកម្ពុជាក្នុងសម័យសង្គ្រាមពលរដ្ឋពិកាដោយគ្រាប់ផ្ទុះ តែបច្ចុប្បន្ននេះពលរដ្ឋកម្ពុជាមួយចំនួនត្រូវពិកាដោយជំងឺនោមផ្អែមដែលជាក្តីបារម្ភ ហើយត្រូវចូលរួមទប់ស្កាត់ជាបន្ទាន់៕