ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម និង ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានឯកភាពគ្នាបន្តកិច្ចសហប្រតិបត្តិការល្អលើវិស័យកសិកម្ម នឹងបានត្រៀមខ្លួនរួចជាស្រេចធ្វើការជាមួយគ្នា ដើម្បីផលប្រយោជន៍ទៅវិញទៅមកក្នុងវិស័យកសិកម្ម។
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យលោក Derek Yip ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ជួបពិភាក្សាការងារលើវិស័យកសិកម្ម។
ក្នុងជំនួបនេះ លោក ឌិត ទីណា បានអរគុណចំពោះភាគីអូស្ត្រាលីដែលបាននិងបន្តចូលរួមគាំទ្រក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការល្អលើវិស័យស្រូវអង្ករ ដោយបានបញ្ចេញពូជចំប៉ីស៧០កន្លងមក។ ជាមួយគ្នានេះ ជំនួបក៏បានលើកពីសារៈសំខាន់របស់កម្ពុជា សម្រាប់ទីផ្សារសាច់គោអូស្ត្រាលីផងដែរ។
ជាមួយគ្នានេះ ភាគីទាំងពីរ បានឯកភាពបន្តកិច្ចសហប្រតិបត្តិការល្អលើវិស័យកសិកម្ម នឹងបានត្រៀមខ្លួនរួចជាស្រេចធ្វើការជាមួយគ្នា ដើម្បីផលប្រយោជន៍ទៅវិញទៅមកក្នុងវិស័យកសិកម្ម។
គួរបញ្ជាក់ថា រយៈពេល១១ខែឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជា-អូស្រ្តាលី សម្រេចបានក្នុងទំហំទឹកប្រាក់ចំនួន ៥៤៧ លានដុល្លារអាម៉េរិក ក្នុងនោះកម្ពុជាបាននាំចេញទៅទីផ្សារអូស្រ្តាលីក្នុងទឹកប្រាក់ចំនួន ៤៤៤ លានដុល្លារ និងនាំចូលមកវិញក្នុងទឹកប្រាក់ចំនួន ១០២ លានដុល្លារ។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម៕