Cctimesw1140xh150cm copy

កម្ពុជាកាត់ទោស«ជនជាតិចិនតៃវ៉ាន់»១០នាក់ឱ្យជាប់ពន្ធនាគារអស់មួយជីវិតករណីផលិត និងរក្សាទុកគីមីផ្សំ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ព្រះសីហនុ៖ សាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី ០៨ មករា បានសម្រេចផ្តន្ទាទោស លើជនជាប់ចោទជាជនជាតិចិនតៃវ៉ាន់ ចំនួន១០នាក់ ឱ្យដាក់ពន្ធនាគារអស់មួយជីវិត និង ពិន័យជាប្រាក់ម្នាក់ៗចំនួន ១០០,០០0,000 (មួយរយលាន)រៀល ពាក់ព័ន្ធនឹងករណីប៉ុនប៉ងផលិតដោយខុសច្បាប់នូវសារធាតុញៀន ផលិត រក្សាទុក និង ជួញដូរដោយខុសច្បាប់នូវសារធាតុគីមីផ្សំ ទម្ងន់ ១៤តោន និង បទសម្អាតប្រាក់។

យោងតាមសេចក្តីប្រកាសរបស់សាលាដំបូងខេត្តព្រះសីហនុ បានឲ្យដឹងថា ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តព្រះសីហនុ បានបើកសវនាការជាសាធារណៈ ដើម្បីជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌ

ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងបទល្មើស ប៉ុនប៉ងផលិតដោយខុសច្បាប់នូវ សារធាតុញៀន ផលិត រក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុគីមីផ្សំ និង សម្អាតប្រាក់ ទៅតាមនីតិវិធី។

ជាលទ្ធផលនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥នេះ តុលាការ សម្រេចផ្តន្ទាទោស លើជនជាប់ចោទជនជាតិចិនតៃវ៉ាន់ទាំង ១០នាក់ ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់ អស់មួយជីវិត និងពិន័យជាប្រាក់ម្នាក់ៗចំនួន ១០០,០០0,000 (មួយរយលាន)រៀល។

គួររម្លឹកថា កាលពីថ្ងៃទី ២៩ មិថុនា ឆ្នាំ ២០២២ សមត្ថកិច្ចកម្ពុជា បានធ្វើប្រតិបត្តិការបង្ក្រាបករណីលួចកែច្នៃគ្រឿងញៀនទ្រង់ទ្រាយធំ១ថ្មីទៀត នៅខេត្តព្រះសីហនុ ដោយចាប់បានជនល្មើសជាជនជាតិ​ចិនតៃវ៉ាន់ជាច្រើន ដោយបាន រឹបអូសបានសារធាតុគីមីផ្សំសម្រាប់កែច្នៃជាគ្រឿងញៀនជាង ១៤តោន និង គ្រឿងញៀន១៦០គីឡូក្រាម ។

ក្រៅពីសារធាតុគីមីផ្សំជាង១៤តោន និងគ្រឿងញៀន១៦០គីឡូក្រាម សមត្ថកិច្ច នៅរឹបអូសវត្ថុតាងមួយចំនួនទៀត ដែលត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការកែច្នៃគ្រឿងញៀន រួមមាន ឆ្នាំងប្រតិកម្ម៥០គ្រឿង ២ កែវប្រតិកម្ម៧គ្រឿង ម៉ាស៊ីនភ្លើង៣គ្រឿង ជើងទម្រធុប្រតិកម្ម៥៩គ្រឿង ម៉ាស៊ីនប្រតិកម្ម៥គ្រឿង ជីឡៅ១០ ម៉ូទ័រក្រឡុក១គ្រឿង និង សំបកធុង២៩៨សំបក ជាដើម៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង