ភ្នំពេញ៖ កម្ពុជា-ចិន នឹងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ព្រមទាំងលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល និងវិស័យឯកជនចិន ចូលរួមដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។ កិច្ចពិភាក្សាជំរុញកិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងក្រោមជំនួបរវាងលោក លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥។
លោក លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន ចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបាននឹងកំពុងផ្តល់នូវការគាំទ្រទាំងថវិកា សម្ភារៈ និងវគ្គបណ្តុះបណ្តាលដល់មន្រ្តីបុគ្គលិកសកម្មភាពមីន ចាប់តាំងពីឆ្នាំ២០១៥។
លោក លី ធុជ បានវាយតម្លៃខ្ពស់ចំពោះរួមចំណែករបស់ប្រទេសចិនក្នុងវិស័យសកម្មភាពមីន ពិតជាបានឆ្លើយតបនឹងតម្រូវការជាអាទិភាពរបស់ប្រជាជននៅតាមមូលដ្ឋាន និងកាត់បន្ថយគ្រោះថ្នាក់ ព្រមទាំងបានស្នើសុំឱ្យប្រទេសចិនបន្តការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមផងដែរ។
លោក Wang Wenbin បានថ្លែងអំណរគុណជូនចំពោះ លោក លី ធុជ និងគណៈប្រតិភូអាជ្ញាធរមីន ដែលចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលនេះបានបង្ហាញឱ្យឃើញពីទំនាក់ទំនងកាន់តែជិតស្និទ និងកាន់តែល្អប្រសើររវាងកម្ពុជា-ចិន ជាមិត្តដែកថែប និងជាបងប្អូនល្អ។ ជាការឆ្លើយតប លោក Wang Wenbin បានសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផលសម្រេចបានសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា និងបានគូសបញ្ជាក់ពីការបន្តគាំទ្ររបស់រដ្ឋាភិបាលចិន ក្នុងវិស័យសកម្មភាពមីននៅកម្ពុជា។ លោកឯកអគ្គរដ្ឋទូត នឹងបន្តជំរុញផ្សព្វផ្សាយ និងលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត និងកាន់តែស៊ីជម្រៅរវាងអង្គការសង្គមស៊ីវិល និងវិស័យឯកជនចិន ក្នុងចូលរួមសកម្មភាពមីនមនុស្សធម៌ជាមួយរាជរដ្ឋាភិបាលកម្ពុជា៕