ព្រះវិហារ៖ នាថ្មីៗមកនេះ មានវត្តមានសត្វខ្ទីងដែលជាសត្វដ៏កម្រ និងងាយរងគ្រោះជិតផុតពូជបានបង្ហាញវត្តមានសារជាថ្មីនៅក្នុងដែនជម្រកសត្វព្រៃ”ព្រៃឡង់” ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។ ពួកវាតែងមកប្រលែងលេង និងរកចំណីជាមួយគោអ្នកភូមិ ដោយក្នុងមួយឆ្នាំមកលេងជាមួយគោអ្នកភូមិចំនួន៣ដង។
ក្រុមមន្រ្តីឧទ្យានុរក្សប្រចាំនៅក្នុងតំបន់ដែនជម្រកសត្វព្រៃ “ព្រៃឡង់”ក្នុងភូមិសាស្រ្ត ខេត្តព្រះវិហារ បានប្រាប់ឱ្យដឹងថាសត្វខ្ទីងមេកូន និងហ្វូងសត្វខ្ទីងខ្លះទៀតពួកវាតែងបង្ហាញវត្តមាន នៅក្នុង ភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។ឆ្នាំ២០២៤កន្លងមក ពួកវាបានមកលេងជាមួយគោអ្នកភូមិប្រមាណ៣ដងហើយ ដែលស្ទើរក្លាយជារឿងធម្មតាទៅហើយ។
តាមឯកសារស្រាវជ្រាវបានបញ្ជាក់ថា «ខ្ទីងរស់នៅក្នុងតំបន់មួយចំនួននៃប្រទេសកម្ពុជា ក្នុងនោះមានដូចជា ភូមិភាគឦសាន និងខាងជើង ខេត្តកោះកុង ពោធិ៍សាត់(ជួរភ្នំក្រវាញ) និងកំពង់ស្ពឺ។
សូមបញ្ជាក់ថាសត្វខ្ទីងមានមាឌធំ ខ្លួនខ្មៅ បូកក្រាស់ លាតសន្ធឹងរហូតដល់ស្ទើរពាក់កណ្ដាលខ្នង ហើយមានកខ្លីបន្តិច រាង មាំដោយបួរនៅផ្នែកខាងក្រោម។ ចំណែកជើងទាំងបួនចាប់ពីជង្គង់ចុះក្រោមមានពណ៌ប្រផេះ រីឯនៅលើថ្ងាសមានរោមវែងពណ៌ប្រផេះ ឬលឿងមាសស្រាល។ ខ្ទីងញី មានមាឌតូច និងស្នែងតូច ហើយពុំសូវមានបូក និងបួរដូចខ្ទីងឈ្មោលទេ។ ស្នែងខ្ទីង មានរាងសំប៉ែតជាងស្នែងទន្សោង ហើយដុះមកពណ៌ប្រផេះខៀវ ផ្នែកគល់ ដុះចេញក្រៅរួចកោងឡើងទៅលើដូចទន្សោងដែរ។ ខ្ទីងមានទម្ងន់ពី៥០០-១០០០គីឡូក្រាម។ ខ្ទីងឈ្មោលពេញវ័យមានកម្ពស់១,៨៥-២ម៉ែត្រ រីឯញី១,៦០ម៉ែត្រ។
សត្វខ្ទីង វាចូលចិត្តរស់នៅក្នុងព្រៃស្រោង ព្រៃល្បោះ វាលស្មៅ និងអាចរស់នៅរយៈកម្ពស់ខ្ពស់ជាងសត្វទន្សោង។ ប្រភេទអាហារដែលវាស៊ីមានដូចជា ល្បះខ្ចី ទំពាង ស្មៅ និងវល្លិ៍ជាដើម ហើយជាធម្មតាខ្ទីងចេញរកស៊ីនៅពេលព្រឹកព្រលឹម និងពេលល្ងាច។ ខ្ទីង ចូលចិត្តរស់នៅជាហ្វូង។ ចំពោះខ្ទីងញី អាចបង្កើតកូនបាន១ បន្ទាប់ពីពរពោះរយៈពេលពី ៩ខែ រីឯកូនរបស់វាមានពណ៌ត្នោត រហូតដល់វាមានអាយុពី៤-៥ខែ ទើបក្លាយទៅជាពណ៌ខ្មៅ៕