
ភ្នំពេញ៖ នាថ្មីៗមកនេះមានវត្តមានសត្វខ្ទីងដែលជាសត្វដ៏កម្រ និងងាយរងគ្រោះជិតផុតពូជបានបង្ហាញវត្តមានសារជាថ្មីនៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ក្នុងភូមិសាស្រ្ត ខេត្តព្រះវិហារ ដោយពួកវាតែងមករកចំណីជាមួយហ្វូងគោរបស់អ្នកភូមិ ដោយសុវត្ថិភាព។

ក្រុមមន្រ្តីឧទ្យានុរក្សប្រចាំការនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ បានឱ្យដឹងថា សត្វខ្ទីងមេកូន និងហ្វូងសត្វខ្ទីងខ្លះទៀត តែងបង្ហាញវត្តមាន នៅក្នុងភូមិភ្ញាក់រលឹក ឃុំធ្មារ ស្រុកជ័យសែន ខេត្តព្រះវិហារ។ ឆ្នាំ២០២៤កន្លងមក វាបានដើររកចំណីជាមួយហ្វូងគោអ្នកភូមិប្រមាណ៣ទៅ៤ដងក្នុងឆ្នាំ២០២៤រួចមកហើយ។ បើតាមមន្រ្តីឧទ្យានុរក្សប្រចាំនៅតំបន់មួយនេះ បានបញ្ជាក់ទៀតថា តាមរយៈការកត់សម្គាល់នៃវត្តមានរបស់សត្វខ្ទីង ដែលក្នុងនេះមានមេ និងកូន បានបង្ហាញវត្តមានក្នុងភូមិរបស់ប្រជាសហគមន៍ដែលនៅក្បែរដែនជម្រកសត្វព្រៃ ព្រឡង់ ដែលក្នុងនេះ វាបានមកចូលក្នុងហ្វូងរបស់គោរបស់អ្នកភូមិ។

ទាក់ទិនក្នុងរឿងនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានថ្លែងដោយធ្វើការវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃជីវៈចម្រុះទាំងនេះ ដោយសារតែការចូលរួមពីគ្រប់ភាគីក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ និងជីវចម្រុះនៅកម្ពុជាពិសេសនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ បានល្អប្រសើរ។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងបរិស្ថាន បានសំណូមពរឱ្យចូលរួមការពារធនធានធម្មជាតិ ដែលជាផ្នែកមួយសំខាន់មិនត្រឹមតែលើកកម្ពស់ជីវចម្រុះនៅកម្ពុជាទេ តែវាក៏ជាផ្នែកមួយក្នុងការលើកស្ទួយវិស័យទេសចរណ៍ក្នុងការរកចំណូលដល់ប្រជាសហគមន៍ថែមទៀត។ លោក ខ្វៃ អាទិត្យា បានបន្ថែមថា កិច្ចការពារបាននៃជីវចម្រុះ ជួយឱ្យរក្សាបាននូវលំនឹងបរិស្ថានក្នុងតំបន់ ជាពិសេសរក្សាបានសត្វព្រៃ ក្នុងតំបន់ធម្មជាតិ ដែលនេះវាក៏ជាការបន្សល់ទុកនូវកេរ្តិ៍មរតកដល់មនុស្សជំនាន់ក្រោយ ជារបស់ដ៏មានតម្លៃមហាសាលមិនអាចកាត់ថ្លៃបានសោះឡើយ។

គួរបញ្ជាក់ថា ខ្ទីងរស់នៅក្នុងតំបន់មួយចំនួននៃប្រទេសកម្ពុជា ក្នុងនោះមានដូចជា ភូមិភាគឦសាន និងខាងជើង ខេត្តកោះកុង ពោធិ៍សាត់(ជួរភ្នំក្រវាញ) និងកំពង់ស្ពឺ៕
