
កំពង់ចាម៖ ក្រុមការងារបច្ចេកទេសនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥នេះ បានរាយណ៍ពីវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេមេគង្គប្រវែង ២២០ម៉ែត្រស្ថិតនៅភូមិមាន់ដប់លើ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម សម្រេចបានប្រមាណ ៦៥%ហើយ។

ការងារសាងសង់ច្រាំងទន្លេនេះ បានចាប់ផ្ដើមពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២៤ បើគិតមកដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៦៥% ក្នុងនោះរួមមាន៖ ១,ការពារជើងក្រោម សម្រេចបាន ១០០% និង ២,ការងាររៀបបាវខ្សាច់ជាកាំជណ្តើរដើម្បីបំពេញខ្សាច់នៅកន្លែងបាក់ស្រុត សម្រេចបាន ៣៥% ។

គួរបញ្ជាក់ថា ច្រាំងទន្លេមេគង្គនៅចំណុចក្រោយវត្តសុទស្សនារាម ក្នុងភូមិសាស្ត្រខាងលើ បានរងការបាក់ស្រុតកាលពីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ សភាពបាក់ច្រាំង គឺដោយសារការហូរច្រោះនៃចរន្តទឹកក្រោមដី និងស្ថានភាពដីមាត់ច្រាំងជាប្រភេទដីខ្សាច់ម៉ដ្ឋងាយរបេះតាមចរន្តទឹកហូរ។ ជាវិធានការ ក្រុមការងារបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្តការសាងសង់ច្រាំងទន្លេប្រវែង ២២០ម៉ែត្រ ដោយចែកជាពីរដំណាក់កាល គឺដំណាក់កាលទី១ ធ្វើការការពារជើងក្រោមដោយរៀបជាបាវខ្សាច់ប្រភេទ Geotextile និងដំណាក់កាលទី២ ធ្វើការពង្រឹងច្រាំងផ្នែកខាងលើ បន្ទាប់ពីផ្នែកខាងក្រោមត្រូវបានពង្រឹងរួច៕


