Cctime 6monthsfree desktop
Cc times  web banner kh (2)

វត្តមាន«សត្វក្រៀល»ថយចុះ១៥ក្បាល នៅតំបន់ការពារចំនួន២ ក្នុងឆ្នាំ២០២៤

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ វត្តមានសត្វក្រៀលដែលស្ថិតនៅក្នុងតំបន់ការពារទេសភាពចំនួន២ គឺតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ និងតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត ដែលត្រូវបានគេសង្កេត និងកត់ត្រាតែ៥២ក្បាលប៉ុណ្ណោះ សម្រាប់ឆ្នាំ២០២៤ ខណៈតួលេខនេះ មានការធ្លាក់ចុះ១៥ក្បាល បើធៀបនឹងឆ្នាំ២០២៣ មានចំនួន៦៧ក្បាល ដែលនេះគឺជាក្តីព្រួយបារម្ភរបស់ក្រុមអង្គការសង្គមស៊ីវិល ។

យោងតាមអង្គការជីវិតធម្មជាតិនៅកម្ពុជា (NCO) បានឲ្យដឹងថា លទ្ធផល សត្វក្រៀលចំនួន ៥២ក្បាល(ជំទង់ ១២) ត្រូវបានកត់ត្រាមានវត្តមាននៅតំបន់ដីសណ្ដរមេគង្គក្រោមប្រទេសកម្ពុជា។ ក្នុងនោះ សត្វក្រៀលចំនួន ៤៤ក្បាល ក្នុងនេះជំទង់ចំនួន ១១ក្បាលមានវត្តមានក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងចំនួន៨ក្បាល (ជំទង់១) មានវត្តមានក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង។ ចំនួនសរុបនេះ មានការថយចុះចំនួន១៥ក្បាល ឬប្រមាណ ២២,៣៩ភាគរយ ធៀបនឹងចំនួនសរុបកាលពីខែធ្នូ ឆ្នាំ២០២៣ ដែលមានចំនួនសរុប ៦៧ក្បាល។

អង្គការជីវិតធម្មជាតិ (NCO) បានបន្ថែមថា ការធ្វើជំរឿននេះ ត្រូវធ្វើឡើងចំនួន ៤ដង មុននឹងទទួលលទ្ទផលជំរឿនសរុបប្រចាំឆ្នាំ២០២៤-២០២៥។ ការថយចុះនេះ បណ្ដាលមកពីកត្តាប្រឈមមួយចំនួនដូចជា ការប្រែប្រួលទីជម្រក ការរំខានពីសកម្មភាពមនុស្សចូលនេសាទក្នុងតំបន់ការពារ និងការព្រលែងសត្វក្របីច្រើនពាសវាលពាសកាលក្នុងតំបន់ការពារជាដើម ។

គួរបញ្ជាក់ថា សត្វក្រៀល គឺជាសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក ហើយអាចហើរបាន ជាទូទៅមានកម្ពស់ ប្រហែល ១,៧៦ម៉ែត្រ មានទម្ងន់ ៥-១២គីឡូក្រាម និងប្រវែងស្លាបទាំងសងខាង ២,៥ម៉ែត្រ។ ពួកវាមានម្រាមជើងមុខវែងៗចំនួនបី និងម្រាមជើងក្រោយខ្លីមួយ។ ពួកវាមិនអាចទំនៅលើដើមឈើបានទេ ហើយដេកដោយឈរស្ងៀមធ្មឹងនៅទីតាំងជិតៗកន្លែងរកចំណីរបស់វានៃតំបន់ដីសើម។ សត្វក្រៀលមាន សម្បុរប្រផេះលើដងខ្លួន កផ្នែកខាងលើនិងក្បាលមានពណ៌ក្រហម ក្បាលផ្នែកខាងលើបំផុតនិងត្រចៀក មានពណ៌ប្រផេះស្រាល ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង