ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ធនាគារជាតិនៃកម្ពុជា រួមជាមួយនឹង វិស័យអចលនទ្រព្យ និង តំណាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នៅថ្ងៃទី ៣ មករា បានបើកកិច្ចប្រជុំរួមគ្នាមួយ ដើម្បីសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ឲ្យ អតិថិជនដែលបានខ្ចីពីម្ចាស់បុរី ក្នុងអាត្រាការប្រាក់ខ្ពស់ អាចផ្ទេរបំណុលនេះទៅជាមួយគ្រឹះស្ថានធនាគារវិញក្នុងអាត្រាការប្រាក់មួយដែលទាបជាង។
ជាកិច្ចប្រជុំដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានវត្តមានអញ្ជើញចូលរួម លោកស្រី ជា សេរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និង ដៃគូរឯកជនជាច្រើនទៀត។
លោកស្រី ជា សេរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងថា កិច្ចប្រជុំនេះ គឺ ក្នុងន័យនេះ ធនាគារនឹងសងលុយទៅម្ចាស់បុរីជំនួសអតិថិជន ប៉ុន្តែអតិថិជននៅតែបន្តសងបំណុលទៅឲ្យធនាគារវិញក្នុងលក្ខខណ្ឌធូរស្រាលជាងមុន។ កិច្ចសម្របសម្រួលនេះនឹងជួយម្ចាស់បុរីដែលជាប់គាំងទុនបង្វិល បានលុយដុំមកវិញដើម្បីបន្តការអភិវឌ្ឍរបស់ពួកគាត់ ហើយក៏នឹងជួយអតិថិជនឲ្យទទួលបានឥណទានផ្ទះពីគ្រឹះស្ថានធនាគារ ដែលជាទូទៅមានការប្រាក់ទាបជាង និងមានរយៈពេលយូរជាងរហូតដល់ ២៥ឆ្នាំ ឬ ៣០ឆ្នាំ។
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា មុននឹងដើរមកដល់ជំហាននេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុវត្តការងារចំនួន៦ ក្នុងរយៈពេលមួយឆ្នាំកន្លះកន្លងមកនេះ ហើយយើងអាចដោះស្រាយបញ្ហាដល់កម្រិតមួយដែលអាចនិយាយបានថា យើងបានបង្កើតបរិយាកាសគ្មានវិវាទនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។ ចំពោះការងារចុះបញ្ជីដីធ្លីមកដល់ពេលនេះបានចុះបញ្ជីដីចំនួន ៣លាន ៦សែនក្បាលដី និងនៅសល់ប្រមាណមួយលានក្បាលដីទៀតប៉ុណ្ណោះនឹងបញ្ចប់ការចុះបញ្ជីដីធ្លីជាស្ថាពរ។
ដោយឡែកចំពោះបញ្ហាជម្លោះដីធ្លីប្រមាណ ២ម៉ឺនករណី តាមរយៈគណៈកម្មការសុរិយោដីនិងអាជ្ញាធរដោះស្រាយវិវាទដីធ្លី គឺបានដោះស្រាយវិវាទដីធ្លីអស់ជាច្រើនករណីដោយនៅសល់ត្រឹមក្រោម ១ពាន់ករណីប៉ុណ្ណោះ នាពេលបច្ចុប្បន្ននេះ។ ចំពោះការផ្ដល់សេវាផ្សេងៗជូនដល់ប្រជាពលរដ្ឋ និងវិស័យឯកជនគឺក្រសួងបានដាក់ឱ្យដំណើរការនូវសេវាគាប់ចិត្តតាមប្រព័ន្ធអនឡាញដោយបានភ្ជាប់នៅ ២៥ រាជធានី-ខេត្តទូទាំងប្រទេស។
រីឯនៅខេត្តសៀមរាប លោក បានដោះស្រាយបញ្ចប់ទាំងស្រុងនូវបញ្ហាវិវាទដីធ្លីរវាងប្រជាជននិងអាជ្ញាធរជាតិអប្សរា។ ចំពោះបឹងទន្លេសាប គឺយើងត្រូវប្រកាន់យកគោលជំហរជាក់លាក់ ដើម្បីរក្សានូវអាយុជីវិតបឹងទន្លេសាប ពីព្រោះបឹងទន្លេសាប និងទន្លេមេគង្គឱ្យផលដល់ប្រទេសជាតិ និងប្រជាជនក្នុងរង្វង់ប្រមាណ ២ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ដោយឡែកបញ្ហាបុរីមាន ១០៦ករណី យើងបានដោះស្រាយសម្របសម្រួលបាន ៥៣ករណីហើយក្នុងពេលឆាប់ៗខាងមុខនេះនឹងអាចដោះស្រាយបានប្រមាណ ៣០ករណីបន្ថែមទៀតស្របតាមគោលការណ៍សម្រុះសម្រួលគ្នា។
ទាក់ទិនទៅនឹងឧស្សាហកម្មប្រាក់កម្ចី លោករដ្ឋមន្ត្រី មានបំណងចង់ឱ្យក្លាយទៅជាឧស្សាហកម្មថេរមួយ បើទោះបីជាវាអាចឡើងចុះតាមការប្រកួតប្រជែងយ៉ាងណាក្តី ប៉ុន្តែនេះជាឧស្សាហកម្មមួយដែលបានបង្កើតការងារផ្ដល់ប្រាក់ចំណូលដល់ប្រជាជនកម្ពុជា ក៏ដូចជាបុគ្គលិកធនាគារ ដូច្នេះការជួបប្រជុំគ្នានាពេលនេះក៏ដើម្បីរួមគ្នាគិតគូរសំដៅធានាឱ្យបានថាសេដ្ឋកិច្ចជាតិនឹងដើរទៅមុខប្រកបដោយនិរន្តរភាព៕