ភ្នំពេញ៖ ក្រុមហ៊ុនមួយចំនួនមកពីប្រទេសចិន និងសិង្ហបុរី បានជួបពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ដើម្បីស្វែងយល់ពីឱកាសវិនិយោគលើសកម្មភាពផលិតគ្រឿងសង្ហារិម, ថាមពល, ហេដ្ឋារចនាសម្ព័ន្ធ, ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងកាលពីចុងខែធ្នូឆ្នាំ២០២៤កន្លងទៅ ក្រោមការដឹកនាំរបស់លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយគណៈប្រតិភូវិនិយោគិនចិន និងសិង្ហបុរីតំណាងដោយ លោក Darren Teng នាយកគ្រប់គ្រងនៃ Cambodia Securities Plc. ក្នុងគោលបំណងផ្លាស់ប្តូរនូវព័ត៌មានសំខាន់នានាពាក់ព័ន្ធនឹងសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។
លោក នុត អ៊ុនវ័ណរ៉ា បានលើកឡើងថា ពាក់ព័ន្ធនឹងបរិយាកាសវិនិយោគ រាជរដ្ឋាភិបាលបានខិតខំធ្វើឱ្យប្រសើរឡើងនូវគោលនយោបាយ, ច្បាប់ និងបទប្បញ្ញត្តិសំដៅធានាបាននូវភាពបើកចំហ, តម្លាភាព, អាចប៉ាន់ប្រមាណទុកជាមុនបាន និងអនុគ្រោះខ្ពស់សម្រាប់ទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុនវិនិយោគលើគ្រប់វិស័យដោយគ្មានការរើសអើង។ ជាក់ស្តែង វិស័យ និងសកម្មភាពវិនិយោគលើសពី១៨ បានទទួលការលើកទឹកចិត្តផ្នែកសារពើពន្ធ និងការលើកទឹកចិត្តផ្នែកមិនមែនសារពើពន្ធដូចមានចែងក្នុងច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ។
ក្នុងស្មារតីនេះ លោកបានស្នើដល់វិនិយោគិនដែលមានវត្តមាននាឱកាសនេះមេត្តាចាប់យកសក្តានុពលដ៏សម្បូរបែប និងកាលានុវត្តភាពជាច្រើន ព្រមទាំងសម្រេចចិត្តជាយុទ្ធសាស្រ្តដើម្បីទាញយកអត្ថប្រយោជន៍ពីការវិនិយោគនៅកម្ពុជា។
ទន្ទឹមនឹងនេះ លោក Darren Teng បានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងក្រៃលែងនូវវឌ្ឍនភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចដែលបានរីកចម្រើនគួរជាទីកត់សម្គាល់ក្រោមការដឹកនាំចង្អុលទិសរបស់រាជរដ្ឋាភិបាលដែលមានទំនោរគាំទ្រដល់ធុរកិច្ច។ មុននឹងបញ្ចប់ លោកជឿជាក់ថាវិនិយោគិនដែលបានអមដំណើរក្នុងបេសកកម្មការងារនេះនឹងសម្លឹងមើលឱកាសវិនិយោគលើសកម្មភាពផលិតគ្រឿងសង្ហារិម, ថាមពល, ហេដ្ឋារចនាសម្ព័ន្ធ, ហិរញ្ញវត្ថុ និងអចលនទ្រព្យ៕