Cctime 6monthsfree desktop
Cc times  web banner kh (2)

កុមារគោលដៅជាច្រើនក្នុងស្រុកសូទ្រនិគមទទួលបានកង់និងសម្ភារសិក្សាដើម្បីលើកទឹកចិត្តបន្តការសិក្សា

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ រដ្ឋបាលខេត្តសៀមរាប)

សៀមរាប៖ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប បានរៀបចំកម្មវិធីចែកសម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារចំនួន ៦០នាក់ ដែលទទួលបានការគាំទ្រពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជូនដល់កុមារគោលដៅនៅក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល ដើម្បីផ្តល់កិច្ចគាំពារ និងទប់ស្កាត់ពីការប្រើប្រាស់ពលកម្មកុមារ ក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ ជាពិសេសការពារមិនឱ្យមានការបោះបង់ការសិក្សា។ នេះបើតាមរដ្ឋបាលខេត្តសៀមរាប។

កម្មវិធីនេះត្រូវបានរៀបចំឡើងនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកស្រី យូ សុភា សមាជិកាក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត (គ.ក.ស.ក) ព្រមទាំងមានការអញ្ជើញចូលរួមពី លោកស្រី ប៊ុន ច្រិប អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត លោក គិម វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកសូទ្រនិគម និងមានវត្តមានភាគីពាក់ព័ន្ធជាច្រើនទៀត។

លោកស្រី ប៊ុន ច្រិប អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថាការងារកិច្ចអន្តរាគមន៍ស្នូល លើការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅក្នុងវិស័យសិប្បកម្មផលិត និងកសិឧស្សាហកម្ម ដែលក្រសួង-មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុវត្តតាំងពីឆ្នាំ២០១៧ ដោយបានធ្វើការជ្រើសរើសកុមារគោលដៅ ដែលមានឪពុកម្តាយធ្វើការនៅក្នុងសិប្បកម្មផលិតឥដ្ឋ ដើម្បីធ្វើការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងការបោះបង់ការសិក្សា ដោយបានធ្វើការគាំទ្រជា សម្ភារសិក្សា សម្លៀកបំពាក់ កង់ កាបូប ស្បែកជើង សៀវភៅ ប៊ិច និងគាំទ្រលើការសិក្សាបំប៉នរយៈពេល០៣ខែ ដល់កុមារ ព្រមទាំងបានធ្វើការបណ្តុះបណ្តាលបំណិនជីវិតអំពីការចិញ្ចឹមសត្វ ការដាំដំណាំ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ព្រមទាំងបានផ្តល់ជូននូវពូជមាន់ និងបន្លែផងដែរ។

លោកស្រី យូ សុភា អនុប្រធាន គ.ក.ស.ក បានធ្វើការគាំទ្រក្រសួង-មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើការអនុវត្តគម្រោងកិច្ចអន្តរាគមន៍ស្នូល ដែលបានបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តច្បាប់ គោលនយោបាយជាតិ អនុសញ្ញាជាតិ អន្តរជាតិ ពាក់ព័ន្ធនឹងការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលើកកម្ពស់ប្រព័ន្ធនៃកិច្ចគាំពារកុមារពីការរំលោភបំពាននានា ដើម្បីឧត្តមប្រយោជន៍របស់កុមារដែលពួកគេត្រូវទទួលបាន។ លោកស្រីបានធ្វើការអំពាវនាវ ឱ្យមានការចូលរួមទប់ស្កាត់ពលកម្មកុមារ នៅក្នុងមូលដ្ឋានផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង