ភ្នំពេញ៖ សិប្បកម្មផលិតទឹកត្រចៀកកាំ «ផ្ទះត្រចៀកកាំ» កាលពីចុងឆ្នាំ២០២៤កន្លងទៅនេះ ទទួលបានពានរង្វាន់ “ស៥” ជាលើកទី៣ ដែលបញ្ជាក់ពី សម្រិតសម្រាំង, សណ្ដាប់ធ្នាប់, សម្អាត, ស្តង់ដារ, និង ស្ថិតស្ថេរ ដែលផ្ទះត្រចៀកកាំក៏ដូចជាផលិតផល Best Life បានសម្រេចជោគជ័យ។ពិធីប្រគល់ពានរង្វាន់នេះ រៀបចំឡើងដោយផ្ទាល់ពីលោក ហែម វណ្ឌឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្ត ប្រគល់ជូនដល់លោក ជំទាវ វ៉ាសុជិន អគ្គនាយិការក្រុមហ៊ុនបេសឡាយហ្វ៍ប្រដាក់។
ថ្លែងក្នុងកម្មវិធីប្រគល់ពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» ប្រចាំឆ្នាំ២០២៤ លោករដ្ឋមន្រ្តី ហែម វណ្ឌឌី បានគូសបញ្ជាក់ថា ការអនុវត្តវិធីសាស្រ្ត «ស៥» ជាវិធីសាស្រ្តសាមញ្ញ អាចអនុវត្តបាននៅគ្រប់ទីកន្លែង គ្រប់ប្រភេទ និងវគ្រប់ទំហំក្រុមហ៊ុន-សហគ្រាស មិនថាតែ ឧស្សាហកម្មធុនស្រាល ឬធុនធ្ងន់ ផលិតម្ហូបអាហារ ឬមិនមែនអាហារ និងសេវាកម្ម ដោយសារតែវាមានចំណុចពិសេសមួយ «ស៥» ជាមូលដ្ឋានគ្រឹះសម្រាប់ការចាប់ផ្តើមនូវវិធីសាស្ត្រអភិវឌ្ឍផលិតភាពដទៃទៀត។
លោករដ្ឋមន្រ្តី ហែម វណ្ឌឌី បានចូលរួមអបអរសាទរ ចំពោះក្រុមហ៊ុន សិប្បកម្ម ទាំងអស់ដែលទទួលបានជោគជ័យក្នុងពានរង្វាន់ ស៥ ឆ្នាំ ២០២៤នេះ និងលើកទឹកចិត្តដល់ក្រុមហ៊ុនមិនទាន់បានទទួលពាន «ស៥» ត្រូវខិតខំបន្តទៀតនៅឆ្នាំក្រោយ ដើម្បីធ្វើឱ្យប្រសើរឡើងនូវផលិតភាព និងប្រសិទ្ធភាពការងារ សម្រាប់បង្កើនផលិតភាព ដើម្បីកាត់បន្ថយថ្លៃដើមផលិត បង្កើនប្រាក់ចំណេញ ដោយមិនចាំបាច់ដំឡើងថ្លៃលក់ផលិតផល ដែលនាំប៉ះពាល់ដល់ការប្រកួតប្រជែងទីផ្សារឡើយ។
សិប្បកម្មផលិតទឹកត្រចៀកកាំ «ផ្ទះត្រចៀកកាំ» របស់លោក ជំទាវ វ៉ាសុជិន គឺជាសិប្បកម្មដែលបន្តទទួលបានពានរង្វាន់ សមិទ្ធផលផលិតភាព«ស៥»ជាលើកទី៣។ក្រុមហ៊ុន បានចាត់ទុក ការទទួលបានពានរង្វាន់នេះកើតឡើងដោយសារ ការខិតខំប្រឹងប្រែង និង ការយកចិត្តទុកដាក់ទៅលើគុណភាព និង គុណតម្លៃ ដល់អតិថិជន ហើយ ផ្ទះត្រចៀកកាំ នឹងខិតខំពង្រឹងគុណភាពនៃផលិតផលបន្ថែមមួយកម្រិតទៀត ដោយគិតគូរពីតម្រូវការ និងសុខភាពរបស់អតិថិជនជាចម្បង។
គួរបញ្ជាក់ថា ជាគោលការណ៍មាន ៥ជំហ៊ាន ដើម្បីអនុវត្តន៍ ស៥ ក្នុងនោះ រួមមាន៖ ១. សម្រិតសម្រាំង ២. សណ្តាប់ធ្នាប់ ៣. សម្អាត ៤. ស្តង់ដារ និង៥. ស្ថិតស្ថេរ។ការអនុវត្តវិធីសាស្រ្ត «ស៥» នេះ បានជួយបំបាត់ភាពអសកម្មនានា ដូចជា ការខ្ជះខ្ជាយពេលវេលា, វត្ថុធាតុដើម, ផលិតផលខូច, ភាពគ្មានសណ្តាប់ធ្នាប់នៅកន្លែងការងារ និង ភាពគ្មានអនាម័យ ដែលនឹងនាំមកនូវ ទីតាំងផលិតមានភាពស្រស់ស្រាយ, អនាម័យល្អ, កាត់ថ្លៃដើមផលិត, បង្កើនប្រាក់ចំណេញ, ជួយពង្រឹងសមត្ថភាពអ្នកធុរកិច្ច ក្នុងដំណើរការអាជីវកម្មប្រកបដោយនិរន្តភាព៕