ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ Spring Airlines ដែលជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំរបស់ចិន កាលពីថ្ងៃទី ២៩ ធ្នូម្សិលមិញ បានចាប់ផ្តើមបើកជើងហោះហើរជាមួយប្រទេសកម្ពុជាឡើងវិញដោយនាំយកអ្នកដំណើរមកកម្ពុជាប្រមាណជាង ១៤០នាក់។ការតភ្ជាប់ជើងហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ធំរបស់ចិនពេលនេះ ត្រូវបានគេបង្ហាញក្តីសង្ឃឹមថានឹងជួយឱ្យលំហូរទេសចរចិនវិលចូលកម្ពុជាកាន់តែច្រើនឡើងវិញ ដូចជំនាន់មុនសម័យកូវីដ-១៩។
ជាដំណឹងដ៏ល្អសម្រាប់វិស័យទេសចរណ៍នៅកម្ពុជា នៅពេលដែលក្រុមហ៊ុនអាកាសចរណ៍ Spring Airlines ដែលជាក្រុមអាកាសចរណ៍យក្សរបស់ចិន បានសម្រេចភ្ជាប់ជើងហោះហើរជាមួយកម្ពុជាឡើងវិញ កាលពីថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៤។ការមកដល់នៃក្រុមហ៊ុនអាកាសចរណ៍ Spring Airlines គឺមានការទទួលយ៉ាងកក់ក្តៅពី លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។
ការតភ្ជាប់ឡើងវិញនៃក្រុមហ៊ុនអាកាសចរណ៍ Spring Airlines មកកាន់កម្ពុជាកាលពីម្សិលមិញ គឺបាននាំយកអ្នកដំណើរ ១៤០នាក់ ពីទីក្រុងស៊ីអាន។ Spring Airlines ជាក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃទាបជាទីពេញនិយមរបស់ប្រជាជនចិន និង មានទីស្នាក់ការកណ្តាលនៅទីក្រុងសៀងហៃ។ក្រុមហ៊ុននេះ មានដៃគូរកស៊ីជាច្រើននៅទូទាំងពិភពលោកតាមរយៈការលក់កញ្ចប់ទេសចរណ៍ក្នុងតម្លៃធូរថ្លៃ។
លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានសម្តែងការអបអរសាទរចំពោះការតភ្ជាប់ជើងហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ Spring Airlines។ លោករំពឹងថា ការតភ្ជាប់នេះនឹងពង្រឹងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ ជំរុញការយល់ដឹងគ្នាទៅវិញទៅមក និងការផ្លាស់ប្តូរវប្បធម៌ ជាពិសេសជំរុញវិស័យទេសចរណ៍ដែលជា សសរស្តម្ភដ៏សំខាន់នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានចាត់ទុកការតភ្ជាប់ឡើងវិញនៃក្រុមហ៊ុនអាកាសចរណ៍ Spring Airlines គឺជាសញ្ញាល្អសម្រាប់ប្រទេសកម្ពុជាទាំងមូល ជាពិសេស វិស័យទេសចរណ៍ ព្រោះក្រុមហ៊ុននេះ មិនមែនមានតែក្នុងទីក្រុងស៊ីអានទេ ពោលគឺមាននៅតាមបណ្ដាខេត្តផ្សេងៗទៀតនៅក្នុងប្រទេសចិន ដូចនេះ វាជាសញ្ញាល្អថ្មីមួយទៀតដែលក្រុមហ៊ុននេះមើលឃើញថាទីក្រុងស៊ីអាននឹងអាចនាំមកនូវអ្នកដំណើរជាច្រើនមកកាន់រាជធានីភ្នំពេញ តាមរយៈការតភ្ជាប់ជើងហោះហើរ។
ប្រទេសចិនជាប្រទេសធំ មានប្រជាជនច្រើន ជាទីផ្សារទេសចរណ៍ដ៏ធំបំផុតនៅក្នុងតំបន់ និងពិភពលោក និងជាប្រទេសមួយ ដែលនៅក្នុងតំបន់មិនឆ្ងាយពីកម្ពុជា និងមានទំនាក់ទំនងសហប្រតិបត្តិការ តភ្ជាប់ជើងហោះហើរ និងការដឹកជញ្ជូនល្អ ជាពិសេសគឺចំណងមិត្តភាពនៃរដ្ឋាភិបាលប្រទេសទាំងពីរ។
យោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍កម្ពុជា មុនវិបត្តិជំងឺកូវីដ-១៩នៅឆ្នាំ២០១៩ ទេសចរចិនមកកម្ពុជា មានជាង ២.៣លាននាក់ ស្មើនឹង៣៥.៧%នៃទេសចរអន្តរជាតិសរុប (៦.៦លាននាក់) គិតជាចំណូលស្មើប្រមាណ១៨០០លាន ដុល្លារ លើចំណូលទេសចរណ៍សរុបប្រមាណ៥ប៊ីលានដុល្លាររបស់កម្ពុជា ខណៈដែលឆ្នាំ២០១៩ កម្ពុជាក៏ទទួលបានវិនិយោគគិនចិនលើវិស័យពាក់ព័ន្ធនឹងទេសចរណ៍ប្រមាណជាង៥០%នៃទុនវិនិយោគបរទេស (FDI) សរុបរបស់កម្ពុជា។
ក្រោយវិបត្តិជំងឺកូវីដ-១៩ កម្ពុជាបានព្យាយាមទាក់ទាញភ្ញៀវទេសចររួមទាំងប្រទេសចិនផង តាមរយៈកំណែទម្រង់បែបបទនានាប្រកបដោយបដិសណ្ឋារកិច្ច រួសរាយរាក់ទាក់ និងកក់ក្តៅបំផុត។ ដូច្នេះការភ្ជាប់ជើងហោះហើរឡើងវិញនៃក្រុមហ៊ុនអាកាសចរណ៍ Spring Airlines អាចជាក្តីសង្ឃឹមថ្មីបន្ថែមទៀត សម្រាប់វិស័យទេសចរណ៍កម្ពុជានៅឆ្នាំ២០២៥ខាងមុខនេះ៕