ភ្នំពេញ៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ បានចាត់តាំងមន្ត្រីជំនាញដើម្បីចុះពិនិត្យស្រាវជ្រាវជាបន្ទាន់ដល់ទីតាំង ឱសថស្ថានរស្មីអូឡាំពិកថ្មី ដែលលក់ឱសថមានការកែប្រែកាលបរិច្ឆេទប្រើប្រាស់ ដោយបានកែប្រែកាលបរិច្ឆេទពីខែ/ឆ្នាំ ០១/២០២៥ មក ០១/២០២៦។ បន្ទាប់ពីមានការផ្សព្វផ្សាយ និងចែកចាយលើបណ្តាញសង្គម ម្ចាស់ឱសថស្ថាននេះ បានរុះរើស្លាកយីហោឱសថស្ថានដោយខ្លួនឯង។
យោងតាមមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា មានគណនីបណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុកឈ្មោះ Raingsey Chea (RC) និង គណនីបណ្តាញ ទំនាក់ទំនងសង្គម នៃសារព័ត៌មានមួយចំនួនទៀត បានផ្សព្វផ្សាយពីឱសថស្ថាន មួយកន្លែងដែលបានលក់ឱសថមានការកែប្រែ កាលបរិច្ឆេទប្រើប្រាស់ ដោយបានដាក់ខ្លឹមសារ (Caption) ថា «ថ្ងៃនេះខ្ញុំបានកម្មង់ទិញថ្នាំមកពីឱសថស្ថាន រស្មីអូឡាំពិកថ្មី / Reaksmey Olympic Thmey តាមNham24។ ឱសថស្ថាន បានដាក់ថ្នាំដែលមានការប្រើប្រាស់ប៊ិចកែប្រែកាលបរិច្ឆេទពីខែ/ឆ្នាំ ០១/២០២៥ មក ០១/២០២៦»។
មន្ទីរសុខាភិបាល បញ្ជាក់ថា បន្ទាប់ពីបានទទួលដំណឹងអំពីភាពមិនប្រក្រតីរបស់ឱសថស្ថានខាងលើ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានចាត់តាំងមន្ត្រីជំនាញដើម្បីចុះពិនិត្យស្រាវជ្រាវជាបន្ទាន់ដល់ទីតាំង និងឃើញថា ម្ចាស់ឱសថស្ថានបានរុះរើស្លាកយីហោឱសថស្ថានដោយខ្លួនឯង។ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ភ្នំពេញបាននិងកំពុងបន្តនីតិវិធីតាមច្បាប់លើករណីនេះ៕