សៀមរាប៖ ពិធីបង្ហើរខ្លែងឯកខ្មែរ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាប(ចាស់) ដើម្បីបង្ហោះខ្លែងឯកខ្មែរដែលជាអត្តសញ្ញាណជាតិខ្មែរមានតាំងពីបុរាណកាល និងរម្លឹកដល់យុវជន និងប្រជាពលរដ្ឋឲ្យបានស្គាល់ ថែរក្សាមរតកខ្មែរ។
កម្មវិធីបង្ហើរខ្លែងឯកខ្មែរ ក្រោមការរៀបចំសហការដោយក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ ជាមួយរដ្ឋបាលខេត្តសៀមរាប និងស.ស.យ.ក.ខេត្ត នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាប(ចាស់) ខេត្តសៀមរាប។ កម្មវិធីនេះនឹងចាប់ផ្តើមដំណើរការចាប់ពីម៉ោង ៨:០០ ដល់ម៉ោង ១៨:០០ ល្ងាច ដោយមានការបង្ហាញ និងរបៀបបង្ហើរខ្លែង រួមទាំងការប្រកួតខ្លែងផងដែរ។
គួរបញ្ជាក់ថា ការប្រកួតខ្លែងឯកខ្មែរ និងខ្លែងសេរីនេះ មានរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីបានជ័យលាភី គណៈកម្មការត្រូវពិនិត្យលើ បច្ចេកទេសហោះ ខ្ពស់ល្អ ខ្លែងអត់រេ សោភ័ណភាពខ្លែង និងការក្រវីឯក។ ម្យ៉ាងទៀត ការប្រកួតតម្រូវឱ្យមានគ្នា ៣នាក់ មានអ្នករត់ខ្សែ អ្នកកាន់កន្ទុយ និងកាន់ខ្លែង៕