Cctime 6monthsfree desktop
Cc times  web banner kh (2)

តុលាការផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ដាក់ពន្ធនាគារ៣១ឆ្នាំ សងសំណង២លានដុល្លារដល់ជនរងគ្រោះ​ និង ៥០​ម៉ឺនដុល្លារសម្រាប់អ្នករងរបួស

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ តុលាការសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ធ្នូ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា បាញ់សម្លាប់២នាក់គូដណ្តឹង ដាក់ពន្ធនាគារ៣១ឆ្នាំ បង្គាប់ឲ្យសងសំណង២លានដុល្លារដល់ជនរងគ្រោះ រួមជាមួយសំណង៥០ ម៉ឺនដុល្លារផ្សេងទៀតដល់អ្នករងរបួស។ ក្នុងសេចក្តីសម្រេចនោះ តុលាការបានសម្រេចចោទប្រកាន់ លោក ស្រី ស៊ីណា ចំនួន៣ករណី។

ក្រោយពីសំងំស្រាវជ្រាវករណីបាញ់ប្រហារយ៉ាងឃោរឃៅ នៅខណ្ឌច្បារអំពៅ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបួងរាជធានីភ្នំពេញ ប្រកាសជាសាធារណៈនូវសាលក្រមព្រហ្មទណ្ឌ នៃសំណុំរឿងទាំង ០៣ របស់ជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ទី១ សម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់រយៈពេល ១៥ (ដប់ប្រាំ) ឆ្នាំ និង ពិន័យជាប្រាក់ ចំនួន ២ ០០០ ០០០ (ពីរលាន) រៀល ពីបទ ឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត និង សងសំណងជំងឺចិត្ត១ ០០០ ០០០ (មួយលាន) ដុល្លារ ដល់គ្រួសារជនរងគ្រោះ យីន កញ្ចនា ដែលបានស្លាប់ និង ១ ០០០ ០០០ (មួយលាន) ដុល្លារទៀត ទៅម្តាយជនរងគ្រោះឈ្មោះ ឡុង លីសុង ដែលបានស្លាប់។

បទចោទទី២ សម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារ ១៥ (ដប់ប្រាំ)ឆ្នាំ និង ពិន័យជាប្រាក់ចំនួន ២ ០០០ ០០០ (ពីរលាន) រៀល ពីបទ ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត សងសំណងជំងឺចិត្តចំនួន ៣០០០០០ (សាមសិបម៉ឺន)ដុល្លារ ទៅដើមបណ្តឹងរដ្ឋប្បវេណី ជាអ្នករងរបួស និង ចំនួន ២០០ ០០០ (ម្ភៃម៉ឺន) ដុល្លារ ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ហុង រិទ្ធារ័ក្ស ដែលជាអ្នករងរបួស។

សាលក្រមព្រហ្មទណ្ឌទី៣ សម្រេចផ្ដន្ទាទោសលើជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ៥១ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល០១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២ ០០០ ០០០ (ពីរលាន) រៀល ពីបទ រំលោភលើលំនៅឋាន សងសំណង ជំងឺចិត្តចំនួន ៥០០០០ (ប្រាំម៉ឺន) ដុល្លារទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ជា អញ្ជលី ត្រូវជាម្តាយ ម្ចាស់ផ្ទះ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា ការផ្តន្ទាទោសរបស់ក្រុមប្រឹក្សា ជំនុំជម្រះលើជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ក្នុងសំណុំរឿងទាំង០៣ខាងលើ គឺជាការផ្ដន្ទាទោសក្នុងកម្រិតអតិបរមានៃទោស៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង