ភ្នំពេញ៖ រាជរដ្ឋាភិបាល តាមរយៈប្រព័ន្ធគាំពារសង្គម គ្រោងបញ្ចេញថវិកាប្រមាណ ២៧ លានដុល្លារអាម៉េរិក ដើម្បីបើកផ្តល់ជូនសិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់បឋម និងមធ្យមសិក្សា ដែលជាសមាជិកគ្រួសារក្រីក្រ ដែលមានបណ្ណសមធម៌ ក្រីក្រ១ និងក្រីក្រ ២, បើតាមការប៉ាន់ស្មានដំបូងមានប្រមាណ ៤៥ ម៉ឺននាក់នៅទូទាំងប្រទេស។ នេះបើតាមការលើកឡើងរបស់លោក ចន ណារិទ្ធិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម អំឡុងបេសសកម្ម ចុះផ្សព្វផ្សាយ និងជំរុញការចុះឈ្មោះរបស់សិស្សានុសិស្សគោលដៅចូលកម្មវិធីថ្មីរបស់រាជរដ្ឋាភិបាល នាថ្ងៃទី១៩-២០ ខែធ្នូ ឆ្នាំ២០២៤ នេះ នៅក្រុងអរិយក្សត្រ និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
លោក ចន ណារិទ្ធិ បានមានប្រសាសន៍ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ថ្មីនេះ និងបូកបញ្ជូលបន្ថែមក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលពលរដ្ឋមកពីគ្រួសារក្រីក្រ កំពុងបើកប្រាក់ឧបត្ថម្ភប្រចាំខែ, នេះមានន័យថា គ្រួសារក្រីក្រ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែបន្ថែម ទៅតាមចំនួនសមាជិកដែលជាសិស្សានុសិស្ស កំពុងសិក្សានៅថ្នាក់បឋមសិក្សា និងមធ្យមសិក្សា។
បច្ចុប្បន្ន រាជរដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភ ពីថ្នាក់ទី១ ដល់ ទី១២ ដោយ ទី១ ដល់ទៅ ៩ បានម្នាក់ ២ម៉ឺនរៀល និងថ្នាក់ទី១០ ដល់ ទៅ ១២ បាន ៣ម៉ឺន ក្នុង ១ខែ។ សម្រាប់សិស្សចប់វិទ្យាល័យហើយ បើគាត់ក្រីក្រមានបណ្ណក្រីក្រ ឬ មានបណ្ណគ្រួសារងាយរងហានិភ័យ នោះគាត់និងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមិនបង់ថ្លៃ លើជំនាញវិជ្ជាជីវៈនានា ជាមួយ ប្រាក់ឧបត្ថម្ភ ២៨ ម៉ឺនរៀល ប្រចាំខែទៀតផង។ បច្ចុប្បន្នក្រសួងការងារកំពុងអនុវត្តការងារនេះ ដែលជាផ្នែកមួយ នៃប្រព័ន្ធគាំពារសង្គមដូចគ្នា។
ជាមួយគ្នានេះ លោក ចន ណារិទ្ធ បានអំពាវនាវដល់អាណាព្យាបាល សូមនាំកូនៗមកចុះឈ្មោះចូលកម្មវិធីនេះឱ្យបានរួសរាន់ ដើម្បីអាចទទួលបានប្រាក់ឧបត្ថម្ភទាន់ពេល៕