ហុងកុង៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា ឯកឧត្តម ហួត ហាក់ នៅថ្ងៃទី ២១ ធ្នូនេះ បានជួបពិភាក្សាការងារជាមួយ លោក Wang Haimin ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Tourism Group Corporation Limited (CTG) និងសហការីជាអគ្គនាយក/អគ្គនាយករងក្រុមហ៊ុនបុត្រសម្ព័ន្ធផ្នែកទីភា្នក់ងារទេសចរណ៍ និង China Duty Free Shop។ជាជំនួបក្នុងគោលដៅជំរុញលំហូរភ្ញៀវទេសចរនៃប្រទេសទាំងពីរកម្ពុជា-ចិន។
យោងតាមការចុះផ្សាយពីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ជំនួបរវាងឯកឧត្តម ហួត ហាក់ ជាមួយ លោក Wang Haimin និង សហការីជាច្រើនរូបទៀត គឺដើម្បីផ្លាស់ប្តូរទស្សនៈ និង យុទ្ធសាស្រ្តសំរាប់ពង្រឹងកិច្ចសហប្រតិបត្តិការរៀបចំកញ្ចប់ទស្សនកិច្ច និង ជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ កម្ពុជា-ចិន ជាពិសេស ប្រជាពលរដ្ឋពីតំបន់រដ្ឋបាលពិសេស ហុងកុង តំបន់រដ្ឋបាលពិសេសម៉ាកាវ និងតំបន់ជុំវិញ។
ជាលទ្ធផលនៃជំនួបនោះ បានឯកភាពផ្តួចផ្តើមរួមមានការបង្កើតក្រុមការងារអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះកន្លងមក ការរៀបចំជំនួបផ្គូរផ្គង និង FAMTrip ការនាំភ្ញៀវមកតាម Charter Flight នាឆ្នាំថ្មី២០២៥ ការបង្កើតពាក្យស្លោកសម្រាប់យុទ្ធនាការទេសចរណ៏រួមគ្នារវាងក្រសួងទេសចរណ៏ និង ក្រុមហ៊ុន ការជំរុញនិងផ្សព្វផ្សាយផលិតផលខ្មែរនៅផ្សារ China Duty Free Shop៕