ភ្នំពេញ៖ អ្នកឧកញ៉ា ពុង ឃាវសែ ជាប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិន បង្កើតនូវមូលនិធិទ្រទ្រង់យុវជនប្រកបអាជីកម្ម ដែលហៅថា«Youth Entrepreneurship Loan Program»។ គោលបំណងនៃការមូលនិធិនេះឡើង គឺដើម្បីទ្រទ្រង់ និងគាំទ្រទៅដល់យុវជនជំនាន់ក្រោយដែលខ្វះទុន ឲ្យមានលទ្ធភាពក្នុងការអភិវឌ្ឍក៏ដូចជាលើកកម្ពស់សមត្ថភាពខ្លួនក្នុងការប្រកបអាជីវកម្ម។ សមាគមសម្ព័ន្ធខ្មែរ-ចិន សហការជាមួយធនាគារ កាណាឌីយ៉ា បានបញ្ចេញដើមទុន២០លានដុល្លារ សម្រាប់ធ្វើជាមូលនិធិទ្រទ្រង់យុវជនប្រកបអាជីកម្មផងដែរ។ នេះបើយោងតាមបទសម្ភាសន៍ជាមួយលោក សុក ហ៊ុយ។ ដោយ៖ ហួ ឆេងស៊ីម
លោក សុក ហ៊ុយ ជាលេខាអចិន្ត្រៃយ៍នៃសមាគមសម្ព័ន្ធខ្មែរ-ចិនបានប្រាប់ស៊ីស៊ីថាមស៍ថា ដើម្បីទទួលបាននូវមូលនិធិសម្រាប់ប្រកាបអាជីវកម្ម យុវជនទាំងនោះត្រូវមកទំនាក់ទំនងតាមសមាគម ហើយខាងសមាគមនឹងសិក្សាពីគម្រោងអាជីវកម្មរបស់ពួកគេ។ លោកបានបន្តថា ជាទូទៅការស្នើសុំមូលនិធិនេះគឺមានការកំណត់ទឹកប្រាក់ពី១ម៉ឺនដុល្លារ ដល់១០ម៉ឺនដុល្លារ ហើយក្នុងលក្ខខណ្ឌនេះ ពួកគាត់អាចមានផ្លង់បញ្ចាំ ឬវត្ថុមានតម្លៃជាច្រើនទៀត។ ប៉ុន្តែបើពួកគាត់មិនមានរបស់ទាំងនោះទេ គាត់អាចរកមនុស្សម្នាក់ដើម្បីមកធ្វើលិខិតធានាឲ្យគាត់ ហើយខាងសមាគមនឹងផ្តល់ឱកាសដល់គាត់។
លេខាអចិន្ត្រៃយ៍របស់សមាគមបានបន្តថា ខាងសមាគមផ្តល់អាទិភាពទៅលើគម្រោងផ្នែកឌីជីថល ឬក៏ផ្នែកអាយធី ព្រោះសមាគមគិតសំខាន់ទៅលើគម្រោងនៃការអភិវឌ្ឍសង្គម។ ប្រសិនបើគាត់មានគម្រោងចង់ប្រកបអាជីវកម្មផ្សេងទៀតដូចជាខាង ទេសចរណ៍ កសិកកម្ម គំនិតកែច្នៃផលិតផលកសិកម្ម ក៏ដូចជាការកែច្នៃនូវសំរាមឬវត្ថុដែលគេបោះចោលឲ្យទៅជាវត្ថុមានតម្លៃនោះខាងសមាគមក៏មានភាពរីករាយក្នុងការគាំទ្រគម្រោងបែបហ្នឹងដែរ។
ខាងសមាគមក៏បានបញ្ជាក់ដដែលទៀតថា សមាគមអាចផ្តល់កម្ចីខ្នាតតូចពី១០០០០$-១០,០០០០$ដោយយោងទៅតាមការពិនិត្យមើលគម្រោងជាមុនសិន។ ប៉ុន្តែ បើសិនជាការសិក្សាបង្ហាញថាគម្រោងរបស់គាត់ត្រូវការដើមទុនបន្ថែមពីនេះ នោះខាងសមាគមនឹងពិចារណាទៅលើគម្រោងបែបនេះយ៉ាងល្អិតល្អន់ មុននឹងការផ្តល់ប្រាក់កម្ចីឲ្យ។
មួយវិញទៀត លោក សុក ហ៊ុយ បានបញ្ជាក់ថា ចំពោះរយៈពេលនៃការផ្តល់ប្រាក់កម្ចីគឺចាប់ពី ១ឆ្នាំ ទៅ ៥ឆ្នាំ។ ដូច្នេះ បើសិនជាយុវជនដែលមានចំណាប់អារម្មណ៍ ឬមានគំនិតល្អៗ អាចសាកល្បងពិភាក្សាជាមួយសមាគមបាន៕