កោះកុង៖ អាកាសយានដ្ឋានតារាសាគរ ខេត្តកោះកុង គ្រោងនឹងដាក់ឱ្យដំណើរការជាបណ្តោះអាសន្នសម្រាប់កិច្ចស្វាគមន៍ជើងហោះហើរ ឆាតទើរ (Charter/ជើងហោះហើរជួល) ក្នុងកម្មវិធីហោះហើរសាកល្បងក្នុងស្រុកជំហានដំបូង (ជាលក្ខណៈសាមញ្ញសម្រាប់កិច្ចស្វាគមន៍ជើងហោះហើរជួល ឆាតទើរ ក្នុងស្រុកដំបូងតែប៉ុណ្ណោះ) នៅថ្ងៃទី ២៦ ធ្នូ ឆ្នាំ២០២៤ខាងមុខនេះ។ការដាក់ឱ្យដំណើរការជាបណ្តោះអាសន្ននេះ គឺជាវឌ្ឍនភាពថ្មីបន្ថែមទៀតសម្រាប់វិស័យអាកាសចរណ៍របស់កម្ពុជា។
បើគ្មានអ្វីប្រែប្រួលនោះទេ អាកាសយានដ្ឋានតារាសាគរ នឹងបើកជើងហោះ ឆាតទើរ ក្នុងស្រុក (Domestic Charter Flight) ពេញលេញ ស្របតាមអនុលោមភាព លក្ខខណ្ឌតម្រូវ និង បទដ្ឋានបច្ចេកទេសនាពេលខាមុខ។ពោល គឺនៅពេលមានតម្រូវការទីផ្សារហោះហើរ ឆាតទើរ អន្តរជាតិ ទើបអាកាសយានដ្ឋានតារាសាគរនឹងឈានទៅបើកជើងហោះហើរ ឆាតទើរ ជាលក្ខណៈ អន្តរជាតិ (International Charter Flight) បន្ថែមទៀត។នេះបើយោងតាមការបញ្ជាក់ពី លោក ស៉ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល។
បើតាមគម្រោង អាកាសយានដ្ឋានតារាសាគរនេះ គ្រោងនឹងចាប់ផ្តើមស្វាគមន៍ជើងហោះហើរជួល ឆាតទើរ (Charter/ជើងហោះហើរជួលក្រៅកម្មវិធីហោះហើរ) សាកល្បងក្នុងស្រុកក្នុងជំហានដំបូងរបស់ខ្លួន នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នេះ រវាងរាជធានីភ្នំពេញ និងខេត្តកោះកុង (តារាសាគរ) ជាការចាប់ផ្តើមនៃការធ្វើដំណើរតាមផ្លូវអាកាសដំបូងនៅតំបន់ឆ្នេរនៃខេត្តកោះកុងដំបូងគេរបស់កម្ពុជា។គេរំពឹងថា នឹងចូលរួមចំណែកដល់ការជំរុញយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ និងឧស្សាហកម្មនៃខេត្តកោះកុង។
គួរបញ្ជាក់ថា អាកាសយានដ្ឋានតារាសាគរ ដំណាក់កាលទី១ អភិវឌ្ឍន៍លើផ្ទៃដី ២១៨ហិកតា និង មានដីបម្រុងសម្រាប់ការអភិវឌ្ឍបន្តចំនួន១ពាន់ហិកតា ដោយចំណាយថវិកាប្រមាណ២០០លានដុល្លារ (ពីរយលានដុល្លារ)។ យោងតាមផែនការមេ ស្តីពីការអភិវឌ្ឍន៍អាកាសយានដ្ឋានតារាសាគររយៈពេលខ្លី និង មធ្យម (ក្នុងករណីមានការបើកការហោះហើរជាលក្ខណៈពាណិជ្ជកម្ម ក្នុងស្រុក និងអន្តរជាតិពេញលេញ) អាកាសយានដ្ឋាននេះរំពឹងទទួលបានអ្នកដំណើរ៧លាននាក់ និងទំនិញ១ម៉ឺនតោន ក្នុង១ឆ្នាំ និងបន្តកើនអ្នកដំណើរដល់២០លាននាក់ និងទំនិញ៦ម៉ឺនតោន ក្នុង១ឆ្នាំ ចាប់ពីឆ្នាំ២០៣០-២០៥០៕