ភ្នំពេញ៖ ការវិនិយោគរបស់រាជរដ្ឋាភិបាល ក្នុងវិស័យសុខាភិបាល ក្នុងរយៈពេលជាង ៣ ទសវត្សរ៍ ចុងក្រោយនេះ មានចំនួនសន្ធឹកសន្ធាប់ ព្រមទាំងបាននិងកំពុងនាំមកនូវវឌ្ឍនភាពសំខាន់ជាច្រើន ។ ជាក់ស្តែង, ចំណាយសរុបលើវិស័យសុខាភិបាលនៅកម្ពុជា ក្នុងឆ្នាំ ២០២៣ បានកើនឡើងដល់ចំនួនប្រមាណ ២ ២៩៣ ប៊ីលានរៀល, សមមូលនឹងប្រមាណ ៥៧៣ លានដុល្លារអាម៉េរិក។ ទិន្នន័យនេះ ត្រូវបានលើកឡើងដោយលោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានអនុគណៈកម្មាធិការទទួលបន្ទុកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ«ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅម្ពុកជា» នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។
លោក ចន ណារិទ្ធ បានបញ្ជាក់ថា ការចំណាយសរុបរបស់រាជរដ្ឋាភិបាលលើវិស័យសុខាភិបាលនៅកម្ពុជា ក្នុងឆ្នាំ ២០២៣ មានកំណើនជិត ៣ ដង បើធៀបនឹងឆ្នាំ ២០១៣, ដែលមានត្រឹមចំនួន ៩០៣ ប៊ីលានរៀល, សមមូលនឹងប្រមាណ ២២៦ លានដុល្លារ អាម៉េរិក។ ជានិន្នាការទៅមុខ, ចំណាយក្នុងវិស័យនេះ នឹងបន្តកើនជាលំដាប់បន្ថែមទៀត, ដោយផ្សារភ្ជាប់នឹងការពង្រឹងប្រសិទ្ធភាព និងស័ក្កិសិទ្ធភាពចំណាយ ព្រមជាមួយនឹងការបង្កើនលទ្ធផលសុខភាពរបស់ប្រជាពលរដ្ឋ។
លោកបន្ថែមថា សមាសធាតុនៃប្រព័ន្ធគាំពារសុខភាពសង្គម ដែលរួមមាន មូលនិធិសមធម៌សុខាភិបាល និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ក៏ត្រូវបានដាក់ឱ្យអនុវត្ត និងពង្រីកវិសាលភាព ជាបន្តបន្ទាប់។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤, ពលរដ្ឋកម្ពុជាដែលត្រូវបានគ្របដណ្ដប់ដោយប្រព័ន្ធគាំពារសុខភាពសង្គម មានចំនួនប្រមាណ ៧,៥៧ លាននាក់ ឬស្មើនឹងប្រមាណ ៤៤.៥% នៃពលរដ្ឋសរុប។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥» កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់បំផុតរបស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា, ដែលជាសក្ខីភាពឆ្លុះបញ្ចាំងពីការប្តេជ្ញាខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ពលរដ្ឋគ្រប់រូប ដោយចាត់ទុកការទទួលបានការថែទាំសុខភាព ជាសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ និង ធានាថា គ្មានពលរដ្ឋណាម្នាក់ ត្រូវបានបដិសេធ និង ត្រូវបានទុកចោល ដោយមិនមានការយកចិត្តទុកដាក់ ក្នុងការពិនិត្យ និង ការព្យាបាលថែទាំ ដោយប្រកាន់ខ្ជាប់ជានិច្ច នូវគោលការណ៍ «មិនបោះបង់ពលរដ្ឋណាម្នាក់»៕