Cctimesw1140xh150cm copy

កម្ពុជានឹងពង្រីកវិសាលភាពគ្របដណ្តប់សុខភាពពលរដ្ឋឱ្យបាន៨០%នៅត្រឹមឆ្នាំ២០២៣៥

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ដោយកំណត់គោលដៅជាក់លាក់នូវការពង្រីកវិសាលភាពនៃការគ្របដណ្តប់ពលរដ្ឋដោយប្រព័ន្ធគាំពារសុខភាពសង្គមឱ្យបាន ៨០% នៃពលរដ្ឋសរុប ខណៈគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤ ប្រជាពលរដ្ឋកម្ពុជាដែលត្រូវបានគ្របដណ្ដប់ដោយប្រព័ន្ធគាំពារសុខភាពសង្គមមានចំនួនប្រមាណ ៧,៥៧ លាននាក់ ឬស្មើនឹងប្រមាណ ៤៤,៥% នៃពលរដ្ឋកម្ពុជាសរុប។ នេះបើតាមការបញ្ជាក់របស់លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានអនុគណៈកម្មាធិការទទួលបន្ទុកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ«ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅម្ពុកជា» នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។

លោក ចន ណារិទ្ធ បានមានប្រសាសន៍ថា ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ បានកំណត់គោលដៅជាក់លាក់ ចំនួន ៣ រួមមាន៖ ១).ការពង្រីកវិសាលភាពនៃការគ្របដណ្តប់ពលរដ្ឋដោយប្រព័ន្ធគាំពារសុខភាពសង្គម ឱ្យបាន ៨០% នៃពលរដ្ឋសរុប; ២).ការបង្កើនសន្ទស្សន៍គ្របដណ្តប់សេវាសុខាភិបាលសារវន្ត ឱ្យបានយ៉ាងហោច ៨០%; និង ៣).ការកាត់បន្ថយទំហំចំណាយពីហោប៉ៅផ្ទាល់លើការថែទាំសុខភាព ឱ្យនៅត្រឹម ៣៥% នៃចំណាយសរុបលើវិស័យសុខាភិបាល ។

លោកបន្តថា ផែនទីបង្ហាញផ្លូវនេះ នឹងដើរតួជាមគ្គុទេសក៍សម្រាប់ការអនុវត្ត និង ការវិនិយោគជាយុទ្ធសាស្ត្រ ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ក្នុងរយៈពេល ១២ ឆ្នាំខាងមុខ, ពោលគឺដល់ឆ្នាំ ២០៣៥, ដោយកំណត់នូវជម្រើសគោលនយោបាយអាទិភាព សម្រាប់ការកែទម្រង់ស៊ីជម្រៅ តាមដំណាក់កាល តាមរយៈការអភិវឌ្ឍប្រព័ន្ធគាំពារសុខភាពសង្គម និង ការពង្រឹងសមត្ថភាព ក្នុងការផ្តល់សេវាសុខាភិបាល, ទាំងសាធារណៈ និង ឯកជន, សំដៅលើកកម្ពស់ការផ្តល់សេវាថែទាំសុខភាព ប្រកបដោយគុណភាព, កាត់បន្ថយឱ្យបានជាអតិបរមា នូវទំហំនៃចំណាយពីហោប៉ៅផ្ទាល់របស់ពលរដ្ឋលើការថែទាំសុខភាព និង ពង្រឹងប្រសិទ្ធភាពចំណាយសម្រាប់វិស័យសុខាភិបាល, ដូចត្រូវបានកំណត់ជាគោលនយោបាយអាទិភាពចម្បងៗ នៅក្នុង វិមាត្រទាំង ៣ ដែលមានភាពប្រទាក់ក្រឡា។

លោកបន្តថា ការវិនិយោគរបស់រាជរដ្ឋាភិបាល ក្នុងវិស័យសុខាភិបាល ក្នុងរយៈពេលជាង ៣ ទសវត្សរ៍ ចុងក្រោយនេះ មានចំនួនសន្ធឹកសន្ធាប់ ព្រមទាំង បាន និងកំពុង នាំមកនូវវឌ្ឍនភាពសំខាន់ជាច្រើន។ ជានិន្នាការទៅមុខ, ចំណាយក្នុងវិស័យនេះ នឹងបន្តកើនជាលំដាប់បន្ថែមទៀត, ដោយផ្សារភ្ជាប់នឹងការពង្រឹងប្រសិទ្ធភាព និងស័ក្កិសិទ្ធភាពចំណាយ ព្រមជាមួយនឹងការបង្កើនលទ្ធផលសុខភាពរបស់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា សម្តេច ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៣ ខែ ឧស២០២៤ បានផ្តល់អធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥» ដែលជាសក្ខីភាពឆ្លុះបញ្ចាំងពីការប្តេជ្ញាខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ពលរដ្ឋគ្រប់រូប ដោយចាត់ទុកការទទួលបានការថែទាំសុខភាព ជាសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ និង ធានាថា គ្មានពលរដ្ឋណាម្នាក់ ត្រូវបានបដិសេធ និង ត្រូវបានទុកចោល ដោយមិនមានការយកចិត្តទុកដាក់ ក្នុងការពិនិត្យ និង ការព្យាបាលថែទាំ ដោយប្រកាន់ខ្ជាប់ជានិច្ច នូវគោលការណ៍ «មិនបោះបង់ពលរដ្ឋណាម្នាក់»៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង