ភ្នំពេញ៖ ស្ពានអាកាសមរតកតេជោ ដំណាក់កាលទី២ (ស្ពានអាកាសជាន់ទី១) នឹងបើកដំណើរការបណ្ដោះអាសន្ននៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍របស់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទៅខេត្តនាពេលបុណ្យចូលឆ្នាំ។ នេះបើតាមសេចក្តីប្រកាសរបស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានប្រកាសក្នុងពិធីភ្ជាប់ស្ពានអាកាស "មរតកតេជោ" នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ។
ស្ពានអាកាសមរតកតេជោ ដំណាក់កាលទី២ (ស្ពានអាកាសចាន់ទី១) ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន, មហាវិថីព្រះមុនីវង្ស និងមហាវិថីយោធពលខេមរភូមិន្ទ(ផ្លូវ២៧១) ក្នុងខណ្ឌចំការមន និងខណ្ឌមានជ័យ។ ស្ពាននេះគ្រោងនឹងបញ្ចប់ការសាងសង់មុនកាលកំណត់ប្រមាណរយះពេល៤ខែ ខណៈគម្រោងសាងសង់គ្រោងបញ្ចប់នៅខែសីហា ឆ្នាំ២០២៥ ដោយដាក់ឲ្យដំណើរការបណ្ដោះអាសន្ននៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥នេះ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍របស់ប្រជាពលរដ្ឋ និងធ្វើឲ្យដំណើរឆ្លងកាត់ទៅខេត្តនាពេលបុណ្យចូលឆ្នាំមានការងាយស្រួល និងរហ័សជាងមុន។
គួរបញ្ជាក់ថា ស្ពាននេះបានបើកការដ្ឋានសាងសង់កាលពីខែសីហា ឆ្នាំ២០២២ ដោយគ្រោងនឹងចំណាយពេល ៣៦ខែ ដែលចំណាយប្រាក់សាងសង់ប្រមាណ ៣៦លានដុល្លារ។ គួររម្លឹកថា កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤កន្លងទៅ ស្ពានបានបើកដំណើរការប្រើប្រាស់ ដំណាក់កាលទី១ (ស្ពានអាកាសជាន់ទី២) ដែលតភ្ជាប់ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន មក មហាវិថីព្រះមុនីវង្ស ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននៅមុនបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០២៤ ម្តងរួចទៅហើយ៕