Cctimesw1140xh150cm copy

រថយន្តដឹកលើសទម្ងន់១១គ្រឿងស្ថិតក្នុងខេត្តត្បូងឃ្មុំនិងសៀមរាបត្រូវបានពិន័យនិងឃាត់ទុក

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)

ភ្នំពេញ៖ រថយន្តដឹកលើសទម្ងន់ចំនួន ១១គ្រឿង ដែលស្ថិតនៅចំណុច២ទីតាំងផ្សេងគ្នា គឺក្នុងខេត្តត្បូងឃ្មុំនិងសៀមរាប ត្រូវបានពិន័យ និងឃាត់រក្សាទុក ខណៈរថយន្តទាំងនេះផ្ទុកទម្ងន់សរុបចន្លោះពី ៣៤តោន ដល់ ៦៨តោន គិតជាភាគរយគឺលើសចន្លោះពី ៣៦% ដល់ ៨៤% នៃច្បាប់អនុញ្ញាត។ ក្នុងនោះ រថយន្តចំនួន ០១គ្រឿង ត្រូវបានឃាត់ទុក១ឆ្នាំ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

បើតាមក្រសួងសាធារណការ ចាប់ពីថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារត្រួតពិនិត្យចល័តចម្រុះ និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅ ០២ទីតាំងផ្សេងគ្នា។ ជាលទ្ធផល ផ្លូវជាតិលេខ៧ ចំណុចគ.មលេខ១៩៦+៣០០ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រួតពិនិត្យយានយន្តចំនួន ០ ១គ្រឿង មានបំពាក់ឡូហ្គោ TS ផ្ទុកទម្ងន់សរុប ៦៨តោន គិតជាភាគរយគឺលើសចំនួន ៥១% នៃច្បាប់អនុញ្ញាត។ រីឯផ្លូវជាតិលេខ៦៨ ស្រុកស្រីស្នំ ខេត្តសៀមរាប បានត្រួតពិនិត្យយានយន្តចំនួន ១០គ្រឿង ផ្ទុកទម្ងន់សរុបចន្លោះពី ៣៤តោន ដល់ ៤៦តោន គិតជាភាគរយគឺលើសចន្លោះពី ៣៦%ដល់ ៨៤% នៃច្បាប់អនុញ្ញាត។

សរុបលទ្ធផលនៅក្នុងយុទ្ធនាការត្រួតពិនិត្យយានយន្តទាំង ០២ទីតាំងខាងលើ ក្រុមការងារបានត្រួតពិនិត្យយានយន្តចំនួន ១១គ្រឿងលើសទម្ងន់ទាំងអស់ ផ្ទុកទម្ងន់សរុបចន្លោះពី ៣៤តោន ដល់ ៦៨តោន គិតជាភាគរយគឺលើសចន្លោះពី ៣៦% ដល់ ៨៤% នៃច្បាប់អនុញ្ញាត ត្រូវបានពិន័យអន្តរការណ៍ជាប្រាក់ និងឃាត់ទុករយៈពេល ០១ឆ្នាំ ចំនួន ០១គ្រឿង ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ដែលប្រកបរបរដឹកជញ្ជូនទំនិញ សូមចូលរួមបញ្ឈប់ការប្រើប្រាស់ឡូហ្គោផ្សេងៗបិទជាប់ឡាន និងកុំដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ ដែលឈានទៅដល់ការឃាត់រថយន្តទុកចំនួន ១ឆ្នាំ ដែលនាំឱ្យប៉ះពាល់ដល់ការប្រកបរបរដឹកជញ្ជូន និងជីវភាពរស់នៅប្រចាំថ្ងៃ ។ ការចូលរួមគោរពច្បាប់ ដោយផ្ទុកទម្ងន់ត្រឹមត្រូវតាមច្បាប់កំណត់របស់ប្រជាពលរដ្ឋ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារផ្លូវថ្នល់មិនឱ្យមានការខូចខាតមុនអាយុកាលកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតអ្នករួមដំណើរតាមដងផ្លូវជាមួយគ្នាផងដែរ។

ក្រសួងបញ្ជាក់ថា ក្រសួងនឹងបន្តយុទ្ធនាការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេសដូចភ្លៀងរលឹម ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែង៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង