
ភ្នំពេញ៖ ចេតិយស្នងការចុងក្រោយនៃសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជានាសម័យអាណានិគម បានបញ្ចប់ការជួសជុល ដោយអ្នកជំនាញមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីឧទ្ទិសជូនលោក ហ្សង់ អ៊ែលដឺរេម៉ុង ដែលសាងសង់នៅឆ្នាំ១៩៥១ ស្ថិតនៅក្នុងបរិវេណនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅភ្នំពេញ។ នេះយោងទៅតាមការផ្សាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។
ចេតិយស្នងការចុងក្រោយនៃសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជាមានចំណាស់ជាង៧០ឆ្នាំ ពោលបានសាងសង់ឡើងនៅឆ្នាំ១៩៥១ ក្នុងបរិវេណនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងគោលបំណងដើម្បីឧទ្ទិសជូនលោក ហ្សង់ អ៊ែលដឺរេម៉ុង ស្នងការចុងក្រោយនៃសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា គឺមុនសម័យកាលដែលប្រទេសកម្ពុជាទទួលឯករាជ្យ។ ចេតិយនេះត្រូវបានជួសជុល និងអភិរក្សទម្រង់ដើម ក្រោមការសហការរវាងអគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
គួរបញ្ជាក់ថា ការជួសជុលនេះបានចាប់ផ្តើមកាលពីខែកក្កដា ឆ្នាំ២០២៤ ហើយបានបញ្ចប់ក្នុងខែវិច្ឆិកាឆ្នាំដដែល។ ការងារនេះ ជាទម្រង់មួយនៃកិច្ចការអភិរក្សចេតិយនាសតវត្សរ៍ទី២០ ដែលបានកសាងឡើងក្នុងសម័យអាណាព្យាបាលបារាំង៕




