ព្រះសីហនុ៖ លោក Dan Sledz មេបញ្ជាការកងទ័ពជើងទឹកអាម៉េរិក នៅតំបន់ Savannah បានថ្លែងអរគុណដល់ប្រជាជនកម្ពុជាក្នុងខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំ សម្រាប់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះការមកដល់របស់នាវាចម្បាំងកងទ័ពជើងទឹកអាម៉េរិក USS SAVANNAH (LCS 28) នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាទស្សនកិច្ចលើកដំបូងនៃនាវារបស់កងទ័ពជើងទឹកអាម៉េរិក ក្រោយខកខានចូលសំចតរយៈពេល៨ឆ្នាំ។
ដំណើរទស្សនកិច្ចរបស់នាវាចម្បាំងកងទ័ពជើងទឹកអាម៉េរិកមកកាន់ប្រទេសកម្ពុជានៅពេលនេះ បង្ហាញពីការរីកចម្រើននៃទំនាក់ទំនងរវាង អាម៉េរិក និងកម្ពុជា ដែលមានឫសគល់ក្នុងទំនាក់ទំនងប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏រឹងមាំ។
ដូចការគ្រោងទុក នាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក បានធ្វើដំណើរមកដល់កម្ពុជា នៅថ្ងៃទី១៦ ធ្នូ គឺមានការទទួលដោយផ្ទាល់ដោយលោកវរនាវីឯក មាន សាវឿន មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម ក្នុងនាមកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម អមជាមួយការចូលរួមពីអាជ្ញាធរពាក់ព័ន្ធ។
នេះគឺជាលើកទី១ ក្នុងរយៈពេល ៨ឆ្នាំ ដែលនាវាចម្បាំងសហរដ្ឋអាម៉េរិកមានវត្តមានសំចតនៅកំពង់ផែកម្ពុជា។ ចាប់តាំងពីឆ្នាំ២០០៧មក កម្ពុជាបានទទួលឱ្យនាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក ចូលសំចតសរុបចំនួន ២៧គ្រឿង។ តាមគម្រោងក្នុងរយៈពេល៥ ថ្ងៃដែលនាវាចូលចតនៅកំពង់ផែ គណៈប្រតិភូអាម៉េរិកគ្រោងជួបពិភាក្សាការងារជាមួយមេបញ្ជាការមូលដ្ឋានសមុទ្ររាម និង ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ ហើយក្រុមនាវិករបស់នាវាចម្បាំងសហរដ្ឋអាម៉េរិក និងកងទ័ពជើងទឹកកម្ពុជានឹងចូលរួមកម្មវិធីប្រកួតកីឡាមិត្តភាព ដើម្បីលើកកម្ពស់ភាពស្និទ្ធស្នាល និង ការសាមគ្គីគ្នាជាក្រុម។
គួរបញ្ជាក់ថា នាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក មួយគ្រឿង ឈ្មោះ USS SAVANNAH (LCS 28) មាននាវិកសរុបចំនួន១០៣ នៅព្រឹកថ្ងៃទី១៦ ធ្នូ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃ២០ខែធ្នូ ឆ្នាំ២០២៤។ ការចូលសំចតនាវារបស់អាម៉េរិកនេះ ក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាព ក៏ដូចជាការលើកកម្ពស់នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងអាម៉េរិក៕