ខេត្តកណ្តាល៖ ក្រុងអរិយក្សត្រ ខេត្តកណ្តាល របស់ប្រទេសកម្ពុជា ចាប់ផ្តើមទទួលបានគម្រោងអភិវឌ្ឍថ្មី គឺគម្រោងសាងសង់ទីក្រុងដែលមានឈ្មោះថា«ទីក្រុងមេគង្គឃី (Mekong Quay City)ដែលត្រូវបានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។គម្រោងអភិវឌ្ឍន៍នេះ ស្ថិតក្នុងក្រុងអរិយក្សត្រ ជាប់ដងទន្លេមេគង្គត្រើយខាងកើត ទល់មុខគម្រោងអភិវឌ្ឍន៍កោះនរា លើផ្ទៃដីទំហំប្រមាណ២១០ហិកតា។
យោងតាមរបាយការណ៍ពីក្រុមហ៊ុនសាងសង់ បានគូសបញ្ជាក់ថា គម្រោងនេះបែងចែកជាពីរផ្នែកដោយ ផ្នែកទី១ លើផ្ទៃដីប្រមាណ១៤០ហិកតា ប្រមូលផ្តុំដោយផ្នែកអគារពាណិជ្ជកម្មលក្ខណៈទំនើប,ផ្សារទំនើបតាមដងទន្លេ តាមការរចនាបែបទំនើបប្រណីត និង មានអត្ថន័យវប្បធម៌ មានមជ្ឈមណ្ឌលអប់រំ ,មជ្ឈមណ្ឌលទេសចរណ៍ និង វប្បធម៌ នឹងរួមបញ្ចូលសារៈមន្ទីរ រោងមហោស្រប សម្ដែងសិល្បៈប្រពៃណី ប្រវត្តិសាស្រ្តខ្មែរ និង ជាកន្លែងបង្ហាញសិប្បកម្មក្នុងស្រុក រួមបញ្ចូលជាមួយបច្ចេកវិទ្យា បញ្ញាសិប្បនិមិ្មត AI និង VR ដែលអាចផ្ដល់នូវភាពទាក់ទាញ បទពិសោធន៏ថ្មីជូនភ្ញៀវទេសចរ។
សម្រាប់ផ្នែកទី២ លើផ្ទៃដី៧០ហិកតា គ្រោងទុកសម្រាប់រៀបចំហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដូចជា (ផ្លូវបើកបរយានជំនិះ ផ្លូវថ្មើរជើង សួនច្បារសាធារណៈ កន្លែងហាត់ប្រាណ និង រៀបចំតំបន់សួនច្បារបៃតងតាមដងទន្លេដ៏ធំទូលាយ ដែលមានទទឹងរហូតដល់ទៅ ៥០ម៉ែត្រ និងប្រវែង ៦គីឡូម៉ែត្រក្នុងគោលដៅលើកស្ទួយគុណភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ និង បម្រើជាផលប្រយោជន៍សាធារណៈ។
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកគម្រោងទីក្រុងថ្មីនេះ គឺបានមកពីផ្លែផ្កាសន្តិភាពដែលកម្ពុជាកំពុងរយៈពេលជិង២៧ឆ្នាំមកនេះ។សម្តេចរំពឹងថា គម្រោងនេះនឹងរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចជាតិ ជួយសង្គម នឹងនាំឱ្យក្រុងអរិយក្សត្រ ខេត្តកណ្តាល ក្លាយខ្លួនជាទីក្រុងឆ្លាតវៃ សម្រាប់ពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត និងជាបណ្ដុំសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការស្នាក់នៅយ៉ាងសម្បូរបែប ជាមួយទីប្រជុំជន ដែលមានសណ្តាប់ធ្នាប់ល្អសោភ័ណភាពល្អ បរិយាកាសបរិសុទ្ធ និងទន្លេព័ទ្ធជុំវិញ៕