កណ្តាល៖ រយៈពេល ៥ថ្ងៃ គិតត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ នេះ ក្រុមការងារបច្ចេកទេសអន្តរក្រសួង កំពុងបន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារយ៉ាងយកចិត្តទុកដាក់ ក្នុងការកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ដែលមានប្រវែង ២១ គីឡូម៉ែត្រ។
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ជាលទ្ធផលក្នុងរយៈពេល ៥ថ្ងៃនេះ ក្រុមការងារសម្រេចការកំណត់និយាមកា និង បោះបង្គោលបានទាំងស្រុងនៃផែនទីសន្លឹកទី១ និង ទី២ និង ផែនទីសន្លឹកទី៣ និងភាគច្រើននៃផែនទីសន្លឹកទី៤ ដែលទាំងអស់សរុបបាន ៧៨ ចំណុចនៃចំណុចដែលគ្រោង ១៤២ ដែលស្មើនឹងជិត ៥៥% នៃតម្រាយផ្លូវទឹកកំណាត់ទី១ ដែលមានប្រវែង ២១ គីឡូម៉ែត្រ។
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោ មិនមានការរាំងស្ទះដូចការផ្សព្វផ្សាយនូវព័ត៌មានមិនពិតនោះទេ តែក្រុមការងារជំនាញកំពុងរៀបចំនីតិវិធីតាមដំណាក់កាលៗ ដោយកំណត់និយាមការពីផលប៉ះពាល់ ជាពិសេស ការដោះស្រាយផលប៉ះពាល់លើប្រជាពលរដ្ឋពាក់ព័ន្ធនឹងគម្រោងព្រែកជីកនេះ។
សម្រាប់សម្តេចនាយករដ្ឋមន្ត្រី «ព្រែកជីកហ្វូណនតេជោ»គឺរាជដ្ឋាភិបាលនឹងសិក្សាលម្អិតពីផលប៉ះពាល់ ព្រោះវាជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋកម្ពុជា ហើយបានសង្គត់ធ្ងន់ថា គម្រោងជាប្រវត្តិសាស្ត្ររបស់កម្ពុជានេះ នឹងសម្រេចតាមផែនការដែលបានកំណត់។
គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណននេះ ជាគម្រោងដែលទាញសមុទ្រ ឱ្យជាប់ទន្លេ នឹងផ្ដល់អត្ថប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេស ជួយឱ្យកម្ពុជាមានឯករាជ្យការដឹកជញ្ជូនតាមផ្លូវទឹកកាត់បន្ថយឥទ្ធិពលសេដ្ឋកិច្ចពីប្រទេសជិតខាងកម្ពុជា ជាពិសេស ប្រទេសវៀតណាស់៕