Cctimesw1140xh150cm copy

ពិធី«បុណ្យរំលឹកគុណអង្គរ» លើកទី៤ ប្រព្រឹត្តិទៅដោយរលូន និងអ្នកចូលរួមច្រើនកុះករ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
ពិធីបុណ្យរំលឹកគុណអង្គរ។ ប្រភពរូបភាព៖ លោក ហាប់ គឹមអាន, រដ្ឋ ផល្លីន, យី សុថា និងលោក​ ភោគ ជា

សៀមរាប៖ ពិធីបុណ្យរំលឹកគុណអង្គរ បានរៀបចំឡើងកាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត ក្នុងគោលបំណងអបអរសាទរខួបលើកទី៣២ នៃតំបន់រមណីយដ្ឋានអង្គរបានដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងរំលឹកគុណដល់បុព្វការីជនគ្រប់ជំនាន់ ដែលបានចូលរួមកសាងប្រាសាទបុរាណដ៏ស្អាត រឹងមាំ និងជាកេរមរតកមកពីដូនតា ព្រមទាំងដាស់ស្មារតីប្រជាជនខ្មែរឲ្យថែរក្សា អភិរក្សប្រាង្គប្រាសាទបុរាណខ្មែរ។

ពិធី«បុណ្យរំលឹកគុណអង្គរ» លើកទី៤ បានបើកជាផ្លូវការកាលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ នាបរិវេណខាងមុខប្រាសាទអង្គរវត្ត ដែលមានការចូលរួមយ៉ាងច្រើនកុះករដោយមន្រ្តី ថ្នាក់ដឹកនាំ អង្គភាពពាក់ព័ន្ធ ព្រះសង្ឃ ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណ២,០០០អង្គ/នាក់។ កម្មវិធីនេះបានរៀបចំប្រារព្ធពិធីសាសនា ការសម្តែងល្ខោន និងសិល្បៈ ដែលបានបើកជូនមហាជនចូលរួម និងទស្សនា ដោយសេរីផងដែរ។

ពីធីបុណ្យនេះ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ បានរាប់បាត្រព្រះសង្ឃចំនួន១៣២អង្គ នៅបរិវេណមុខប្រាសាទអង្គរវត្ត, ពិធីដង្ហែព្រះពុទ្ធរូប៩អង្គ ពីបរិវេណមុខប្រាសាទអង្គរវត្តឆ្ពោះទៅប្រាសាទបាយ័ន និងតម្កល់ព្រះពុទ្ធរូបនៅរោងឧបោសថ៍ព្រះអង្គងោកនៃក្រុងអង្គរធំ រយៈពេល២យប់៣ថ្ងៃ ព្រមទាំងបានប្រព្រឹត្តិពិធី«រាត្រីចងចាំ»នៅព្រះលានជល់ដំរី នៃក្រុងអង្គរធំទៀតផង។ ចំណែកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ មានពិធីដង្ហែក្បួនព្យុហយាត្រា ចាប់ផ្តើមពីខាងមុខប្រាសាទអង្គរវត្តឆ្ពោះទៅកាន់ក្រុងសៀមរាបដោយសិស្សានុសិស្ស ចំនួន១២០០នាក់ ក្រោមប្រធានបទ«អរគុណអង្គរ» និង«អរគុណសន្តិភាព», ពិធីសមាធិ និងផ្សាយមេត្តាចិត្ត ឧទ្ទិសកុសល នៅបរិវេណខាងមុខប្រាសាទភ្នំបាខែង និងការសម្តែងសិល្បៈល្ខោនយីកេមហាជន នៅព្រះលានជល់ដំរីនៃក្រុងអង្គរធំ ការសម្តែងសិល្បៈល្ខោនស្បែកធំ ដោយក្រុមសិល្បៈវត្តរាជបូណ៌ នៅបរិវេណផ្នែកខាងត្បូងនៃប្រាសាទអង្គរវត្ត។

បន្ថែមពីនេះ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង១៦:០០ នាទី៖ ពិធីស្រង់ព្រះសុគន្ធវារីព្រះពុទ្ធរូប៩អង្គ នៅឧបោសថ៍ព្រះអង្គងោកនៃក្រុងអង្គរធំ ម៉ោង១៨:០០ នាទី៖ ការសម្តែងសិល្បៈល្ខោនខោល នៅព្រះលានជល់ដំរី នៃក្រុងអង្គរធំ។ អាជ្ញាធរជាតិអប្សរាក៏មានរៀបចំពិព័រណ៍សមិទ្ធផលការងារជូនសាធារណជន ទស្សនា និងស្វែងយល់ ចាប់ពីថ្ងៃទី១៤-២១ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណខាងមុខប្រាសាទអង្គរវត្តផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង