ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី គឺជាអភិក្រមដែលត្រូវតែបន្តអនុវត្ត ដើម្បីធានាឱ្យផលិតផលកម្ពុជាមានទីផ្សារសមស្របទាំងនៅក្នុងស្រុក និងអន្តរជាតិ។ ប្រសាសន៍នេះត្រូវបានថ្លែងឡើងក្នុងពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTE) នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។
សម្ដេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាត្រូវបន្តធ្វើសមាហរណកម្មស៊ីជម្រៅ ទៅក្នុងសេដ្ឋកិច្ចតំបន់សកល និងបន្តស្វែងរកទីផ្សារថ្មីៗ ដែលផ្ដល់ភាពអនុគ្រោះតាមរយៈការចចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទេ្វភាគី តំបន់ និងពហុភាគី។ សម្ដេចបន្ថែមថា នេះគឺជាកិច្ចការសំខាន់ណាស់ ព្រោះពាក់ព័ន្ធនឹងភាពជឿជាក់នៅកម្ពុជា បើទីផ្សារចាស់ម៉ូយចាស់កម្ពុជាដើរចេញហើយ កម្ពុជាពិបាកទៅរកម៉ូយថ្មីណាស់ តែបើម៉ូយចាស់សប្បាយ និងរីករាយ នោះគាត់នឹងទៅប្រាប់គ្នាបន្តទៀ។ ចំពោះអ្នកវិនិយោគក៏ដូចគ្នា បើចង់វិនិយោគលើវិស័យអ្វីមួយ ពួកគាត់នឹងទៅសួរគ្នាហើយ ដូចនេះការធានានូវគុណភាព ការធានានូវសង្គតភាព និងការធានាដល់អ្នកដែលមានស្រាប់នេះ គឺជាកិច្ចការសំខាន់ចំពោះទីផ្សារដែលមានស្រាប់។
សម្ដេច បានបន្តថា សូម្បីតែអ្នកវិនិយោគដូចគ្នា ប្រសិនជាគេចង់មកវិនិយោគនៅកម្ពុជា គេច្បាស់ជាសួរអ្នកដែលធ្លាប់មកវិនិយោគនៅកម្ពុជាហើយ ថាមានភាពងាយស្រួលឬអត់ បើគេថាល្អណាស់ មិនមានបញ្ហា ងាយស្រួល ហើយកាន់តែប្រសើរឡើង ទោះបញ្ហាមានតែយើងបានដោះស្រាយទាន់ពេលវេលា នេះហើយគឺជាគន្លឹះ។
សម្ដេច ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្នុងរយៈពេល១ឆ្នាំមកនេះ កម្ពុជាបានអនុវត្តច្រើនណាស់ ដូចជានៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) កាលពីមុនមានតែវេទិកាជាមួយវិស័យឯកជនជប៉ុនតែប៉ុណ្ណោះ ដោយក្នុងមួយឆ្នាំ ប្រព្រឹត្តទៅ២ដង។ ប៉ុន្តែឥឡូវ កម្ពុជាបានពង្រឹងការវិនិយោគជាមួយកូរ៉េ អាម៉េរិក អឺរ៉ុប ដោយក្នុងមួយឆ្នាំ ប្រព្រឹត្តទៅពីរដងដូចគ្នា ដើម្បីធ្វើការជួប និងស្ដាប់ពីការបារម្ភរបស់ពួកគាត់ ដើម្បីធ្វើការដោះស្រាយ ហើយរៀបចំគោលការណ៍កែទម្រង់ក្នុងពន្ធដារ ទៅលើការរៀបចំឱ្យងាយស្រួល។ សម្ដេចបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហេរិញ្ញវត្ថុ ក៏បានកែសម្រួលនីតិវិធីមួយចំនួន លុបចោលនីតិវិធីមួយចំនួនកុំឱ្យមានភាពលំបាកដល់អ្នកវិនិយោគ ហើយក្រសួងពាណិជ្ជកម្មក៏ដូចគ្នាដែរ។
គួរបញ្ជាក់ថា ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា(CTE) ជាព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំមួយប្រចាំឆ្នាំ ក្នុងគោលបំណងតាំងបង្ហាញផលិតផលដែលមានគុណភាពខ្ពស់របស់កម្ពុជា ទំនិញនាំចេញ-នាំចូលសំខាន់ៗ និងសេវា កម្មដែលមានលក្ខណៈពិសេសរបស់បណ្តាអ្នកផ្គត់ផ្គង់ជុំវិញពិភពលោក។ បេសកកម្មចម្បងរបស់CTE គឺជំរុញ សកម្មភាពពាណិជ្ជកម្មកម្ពុជា និងធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងជំរុញការនាំចេញ-នាំចូល និងការផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងអ្នកតាំងពិព័រណ៍ក្នុងស្រុកនិងអន្តរជាតិ អ្នកទស្សនា ពិព័រណ៍ និងអ្នកចូលរួមពិព័រណ៍។ នៅក្នុងពិព័រណ៍នេះ ក្រៅពីមានការតាំងបង្ហាញផលិតផល និងសេវាកម្មដ៏សម្បូរ បែប ក៏ជាវេទិកាសម្រាប់ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជាជាមួយទីផ្សារសកល ផលិតផលរបស់ដៃគូអន្តរជាតិរបស់កម្ពុជាផងដែរ៕