ភ្នំពេញ៖ ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF) បានដឹកនាំគណៈប្រតិភូធុរកិច្ចកូរ៉េមកពីបណ្ដាក្រុមហ៊ុនចំនួន ៥០ មកកម្ពុជា ក្នុងគោលបំណងស្វែងយល់ពីកាលានុភាពវិនិយោគនៅកម្ពុជា លើវិស័យសំខាន់ៗរួមមាន៖ វិស្វកម្ម, ការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការអភិវឌ្ឍធនធានមនុស្សលើជំនាញយានយន្ត បច្ចេកទេស បច្ចេកវិទ្យា, សេវាថែទាំសុខភាពនិងកែសម្ផស្ស, ការវិនិយោគលើប្រព័ន្ធពាណិជ្ជកម្មទូទៅ និងប្រព័ន្ធផ្សព្វផ្សាយ ជាដើម។ គោលបំណងនៃការវិនិយោគនេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។
លោក Marn-Ki Jeong ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF) បានលើកឡើងថាលោកបានដឹកនាំគណៈប្រតិភូធុរកិច្ចកូរ៉េមកពីបណ្ដាក្រុមហ៊ុនចំនួន ៥០ មកកម្ពុជា ក្នុងគោលបំណងស្វែងយល់ពីកាលានុភាពវិនិយោគនៅកម្ពុជា តាមការសន្យានៅពេលដែលលោកបានជួបពិភាក្សាការងារជាមួយសម្តេចបវរធិបតីលើកដំបូង។ លោកបន្ថែមថា បណ្ដាក្រុមហ៊ុនដែលមកបំពេញបេសកកម្មនៅកម្ពុជា នាពេលនេះ បានបង្ហាញបំណងស្វែងរកឱកាសវិនិយោគលើវិស័យសំខាន់ៗរួមមាន៖ វិស្វកម្ម, ការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការអភិវឌ្ឍធនធានមនុស្សលេីជំនាញយានយន្ត បច្ចេកទេស បច្ចេកវិទ្យា, សេវាថែទាំសុខភាពនិងកែសម្ផស្ស, ការវិនិយោគលើប្រព័ន្ធពាណិជ្ជកម្មទូទៅ និងប្រព័ន្ធផ្សព្វផ្សាយ ជាដើម។
សម្ដេចបានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចធុរកិច្ចរបស់វេទិកាសម្ព័ន្ធឧស្សាហកម្មកូរ៉េ នៅកម្ពុជា ហើយបានបង្ហាញពីគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្ដោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះមានការសាងសង់អាកាសយានដ្ឋានខ្នាតអន្តរជាតិ, ផ្លូវល្បឿនលឿន, ការកែលម្អ និងធ្វើឱ្យប្រសើរឡើងនូវផ្លូវរថភ្លើង និងកំពង់ផែទឹកជ្រៅ និងការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនទៀត។ សម្ដេចលើកទឹកចិត្តដល់គណៈប្រតិភូវេទិកាសម្ព័ន្ធឧស្សាហកម្ម បន្តទំនាក់ទំនង និងពិភាក្សាការងារជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា បន្ថែមទៀត ដើម្បីចាប់យកនូវកាលានុវត្តភាពវិនិយោគនៅកម្ពុជា ៕