ភ្នំពេញ៖នៅទីបំផុតទៅ«កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន»ត្រូវបានចុះហត្ថលេខាជាផ្លូវការនៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះក្រោមអធិបតីភាពរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តមវ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន។
ជាមួយគ្នានោះ កម្ពុជានិងចិនក៏បានចុះកិច្ចព្រមព្រៀងមួយចំនួនទៀត គឺកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស សំរាប់ការផ្តល់ហិរញ្ញប្បទានឥតសំណង។លិខិតប្ដូរសារ ស្តីពីការសិក្សាសមិទ្ធិលទ្ធភាពគម្រោងធ្វើឲ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។លិខិតប្ដូរសារស្តីពីការសិក្សាសមិទ្ធិលទ្ធភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និងប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ និង ពិធីប្រគល់ទទួលជំនួយឧបករណ៍វេជ្ជសាស្ត្រពីមិត្តចិន។
សូមជម្រាបជូនថា ចិន និងកម្ពុជា គ្រោងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបានដល់ ១០ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៣ខាងមុខនេះ។ កាលពីឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន សម្រេចបានដល់ប្រមាណជាង ៨ពាន់លានដុល្លារ កើនឡើង២៧% ធៀបនឹងឆ្នាំ២០១៨។ កម្ពុជានាំចេញទំនិញទៅប្រទេសចិនគិតជាទឹកប្រាក់កើនឡើងដល់១ពាន់លានដុល្លារ ខណៈនាំចូលពីចិនវិញក្នុងទឹកប្រាក់ជិត៧ពាន់លានដុល្លារ។ ភាគច្រើននៃទំនិញនាំចូលពីចិនជាគ្រឿងចក្របំរើឲ្យតម្រូវការផ្នែកសំណង់ រីឯទំនិញកម្ពុជានាំចូលទៅចិនភាគច្រើនជាផលិតផលកសិកម្ម។
អ្នកសេដ្ឋកិច្ចកម្ពុជា យល់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងធ្វើឱ្យភាគីចិនចំណេញច្រើនជាងកម្ពុជា។ លោកបន្ដថាចិនចំណេញច្រើនជាងកម្ពុជា ព្រោះថា ទោះបីកម្ពុជាបើកឲ្យមានការនាំចេញខាងវិស័យចិញ្ចឹមសត្វច្រើនមែន តែបច្ចុប្បន្ននេះ កម្ពុជាមិនទាន់រៀបចំខ្លួនរួចរាល់នៅឡើយទេ ដូច្នេះកម្ពុជាត្រូវការពេលវេលាបន្ថែម ខណៈប្រទេសចិនបានត្រៀមរួចរាល់សម្រាប់ធ្វើការនាំចេញមកកម្ពុជា៕




