ភ្នំពេញ៖ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា និងតំណាងស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ប្ដេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យដែលជាផលប្រយោជន៍ទៅវិញទៅមក រួមមានពាណិជ្ជកម្ម និងទេសចរណ៍ ដែលមានវឌ្ឍនភាពយ៉ាងល្អ។ ការប្ដេជ្ញានេះត្រូវបានធ្វើឡើងក្នុងកិច្ចពិភាក្សារវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកស្រី Bridgette L. Walker ភារៈធារីស្តីទី នៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។
លោក ប្រាក់ សុខុន បានគូសបញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលសហរដ្ឋអាមេរិកថ្មី ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ព្រមទាំងសម្ដែងការពេញចិត្តចំពោះសន្ទុះវិជ្ជមាននៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគី។
លោក ប្រាក់ សុខុន និងលោកស្រី Walker បានសាទរចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការរវាងយោធានិងយោធា និងការបន្តកិច្ចសន្ទនាគោលនយោបាយការពារជាតិសហរដ្ឋអាម៉េរិក-កម្ពុជា។ ភាគីទាំងពីរបានអះអាងជាថ្មីនូវការប្ដេជ្ញាចិត្តរួមរបស់រដ្ឋាភិបាលទាំងពីរ ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យដែលជាផលប្រយោជន៍ទៅវិញទៅមក រួមមានពាណិជ្ជកម្ម និងទេសចរណ៍ ដែលមានវឌ្ឍនភាពយ៉ាងល្អ។
លើវិស័យអប់រំ និងការផ្សារភ្ជាប់ប្រជាជន-ប្រជាជន លោក ប្រាក់ សុខុននិង លោកស្រី Walker បានឯកភាពគ្នាលើសារៈសំខាន់នៃការបន្តអាហារូបករណ៍ និងការផ្លាស់ប្តូរដែលអាចឱ្យនិស្សិតកម្ពុជាជាង ១,000 នាក់ បានទៅសិក្សា និងបណ្តុះបណ្តាល នៅសហរដ្ឋអាម៉េរិកដែលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា។ លើសពីនេះនៅមានជំនួយជាច្រើនទៀតដែលអាម៉េរិកជួយកម្ពុជាតាមរយៈទីភ្នាក់ងារ USAID និងផ្សេងៗទៀត៕