រាជធានីដូហា៖ សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រម៉ូត ឬផ្សព្វផ្សាយអំពីសក្តានុពលខាងវិស័យកសិកម្ម ជាពិសេស ស្រូវ គ្រាប់ស្វាយចន្ទី ដំឡូងមី និងផលិតផលជាច្រើនទៀតរបស់កម្ពុជា ទៅកាន់ថ្នាក់ដឹកនាំអាជ្ញាធរវិនិយោគនៃរដ្ឋកាតា ដែលផ្តល់ឱកាសដល់វិនិយោគិនពីកាតាក្នុងការកែច្នៃដើម្បីនាំចេញមកប្រទេសកាតា និងប្រទេសនានាក្នុងតំបន់ និងពិភពលោក។ ប្រសាសន៍នេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និងថ្នាក់ដឹកនាំអាជ្ញាធរវិនិយោគនៃរដ្ឋកាតា(QIA) នៅសណ្ឋាគារ Sheraton Grand Doha រាជធានីដូហា នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។
ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ សម្ដេចបានលើកឡើងថា ឯកសារសំខាន់ពីររួមមាន កិច្ចព្រមព្រៀងស្តីពីការជំរុញនិងការការពារវិនិយោគទៅវិញទៅមក និង កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកទេស គួរត្រូវបានចុះហត្ថលេខានាពេលដ៏ខ្លីខាងមុខ។
លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មកាតា បានថ្លែងអំណរគុណ សម្តេច ហ៊ុន សែន ចំពោះព័ត៌មានដ៏មានសារៈសំខាន់ស្តីពីកាលានុវត្តន៍ភាព និងសក្តានុពលសេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជា និង បានលើកឡើងថា ភាគីទាំងពីរនឹងធ្វើការជាមួយគ្នា ដើម្បីធ្វើការចុះហត្ថលេខាឱ្យបានឆាប់លើកិច្ចព្រមព្រៀងទាំងពីរដែលសម្តេចបានលើកឡើង។
សម្តេចបានបន្ថែមថា ប្រទេសយើងទាំងពីរត្រូវធ្វើការជាមួយគ្នាដើម្បីសម្រេចបានកិច្ចព្រមព្រៀងគាំពារវិនិយោគ និងពាណិជកម្ម។ ប្រទេសកាតាមានសន្តិសុខថាមពល ហើយកម្ពុជាមានសន្តិសុខស្បៀង។ សម្តេច ចង់បានវិនិយោគិនកាតាមកកម្ពុជា និងចង់ឃើញការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ដោយសារសភាពការពិភពលោកស្មុគស្មាញ។ សម្តេច បានគូសបញ្ជាក់ថា ជំហររបស់កាតា និងកម្ពុជាលើបញ្ហាអន្តរជាតិ និងតំបន់មិនខុសគ្នាទេ។ កម្ពុជា បានចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (អ.ស.ប) ក្នុង១០ ប្រទេសរហូតមកទល់នឹងពេលបច្ចុប្បន្ន។
គួរបញ្ជាក់ថា សម្ដេច ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃនៅ រដ្ឋកាតា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ធ្នូ ឆ្នាំ២០២៤៕