
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុញ្ញាតឱ្យក្រុមហ៊ុនខ្មែរ-អាម៉េរិក ចំនួន២ដែលវិនិយោគរួមគ្នាលើការកែច្នៃនាំចេញកន្ទក់របស់កម្ពុជាទៅទីផ្សារសហរដ្ឋអាម៉េរិក ជួបពិភាក្សាការងារលើការផលិត និងកែច្នៃផលិតផលកន្ទក់សរីរាង្គរបស់ប្រទេសកម្ពុជាឱ្យស្របតាមស្តង់ដាគុណភាព និងលក្ខណៈបច្ចេកទេស ព្រមទាំងបទប្បញ្ញត្តិនានា ដើម្បីនាំចូលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងរវាងលោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយតំណាងក្រុមហ៊ុនទាំងពីរ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤។
ក្រុមហ៊ុនទាំងពីរមានដូចជា ក្រុមហ៊ុន Amru Rice ដឹកនាំដោយនាយកប្រតិបត្តិក្រុមហ៊ុន ឧកញ៉ា សុង សារ៉ន និងក្រុមហ៊ុន Stabil Nutrition LLC ដឹកនាំដោយលោកប្រធានក្រុមហ៊ុន Michael A. Tarrasch ។ កិច្ចពិភាក្សាការងារនាឱកាសនេះត្រូវបានរៀបចំឡើងក្រោយក្រុមហ៊ុន Amru Rice និងក្រុមហ៊ុន Stabil Nutrition LLC បានចុះអនុស្សារណៈនៃការយោគយល់គ្នាកាលពីខែកញ្ញា ឆ្នាំ២០២៤ ពោលគឺអំឡុងដំណើរទស្សនកិច្ចទាក់ទាញ និងជំរុញវិនិយោគរបស់សហរដ្ឋអាម៉េរិកកាលពីខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ។
ដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុនឯកជនរបស់សហរដ្ឋអាម៉េរិកមកកម្ពុជានាឱកាសនេះ បានបង្ហាញអំពីការបោះជំហានថ្មីយ៉ាងមោះមុតលើការផលិត និងកែច្នៃផលិតផលកន្ទក់សរីរាង្គរបស់ប្រទេសកម្ពុជាឱ្យស្របតាមស្តង់ដាគុណភាព និងលក្ខណៈបច្ចេកទេស ព្រមទាំងបទប្បញ្ញត្តិនានា ដើម្បីនាំចូលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ ឆ្លៀតក្នុងឱកាសនេះ ក្រុមហ៊ុនពីរក៏បានរាយការណ៍អំពីផែនការវិនិយោគរបស់ក្រុមហ៊ុនខ្លួននៅកម្ពុជាផងដែរ។
ទន្ទឹមនឹងនេះ លោក ស៊ុន ចាន់ថុល បានលើកឡើងអំពីកិច្ចសម្រួលវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រធុរកិច្ច តាមរយៈការលើកទឹកចិត្ត និងការលើកលែងពន្ធនានាចំពោះកិច្ចវិនិយោគ។ លោកបានលើកទឹកចិត្តឱ្យក្រុមហ៊ុនទាំង២ ទទួលបានភាគជោគជ័យក្នុងកិច្ចការវិនិយោគរបស់ខ្លួនលើការកែច្នៃនិងនាំចេញកន្ទក់ពីកម្ពុជា។ បន្ថែមពីនេះ លោកក៏បានរំលេចនៅក្នុងអង្គប្រជុំនេះដែរអំពីបច្ចុប្បន្នភាពស្ថានភាពវិនិយោគនៅកម្ពុជា៕

.jpg?1733892375)