Cctimesw1140xh150cm copy

រដ្ឋមន្រ្តីក្រសួងការងារចូលរួមបិទយុទ្ធនាការ ១៦ថ្ងៃស្តីពីការ«រួមគ្នាបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀននៅក្នុងពិភពការងារ»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
លោក ហេង សួរ ក្នុងកម្មវិធីបិទយុទ្ធនាការ ១៦ថ្ងៃ។ ប្រភពរូបភាព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានអញ្ជើញក្នុងពិធីបិទយុទ្ធនាការ ១៦ថ្ងៃ ក្រោមប្រធានបទ “រួមគ្នាបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀននៅក្នុងពិភពការងារ” នាព្រឹកថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ ២០២៤ នៅសណ្ឋាគារសាន់វ៉េ ភ្នំពេញ ដើម្បីជួយជំរុញការបញ្ឈប់អំពើហិង្សា និងការបៀតបៀនទាក់ទងនឹងយេនឌ័រនៅក្នុងវិស័យការងារ។

លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមបិទកម្មវិធីយុទ្ធនាការ ១៦ថ្ងៃនេះ ដោយក្នុងកម្មវិធិនេះ លោកបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាពិសេសចំពោះការបង្ការ និងលុបបំបាត់អំពើហិង្សានិងការបៀតបៀនគ្រប់ទម្រង់នៅគ្រប់សកម្មភាពការងាររបស់កម្មករនិយោជិត និងនិយោជក ដែលចាំបាច់ត្រូវរួមគ្នាកំណត់នូវគោលការណ៍រួមក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាព។

ក្រសួងការងារក៏កំពុងសហការជាមួយអង្គការ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធនានា រួមទាំងចេញនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨ ដោយកំណត់នៅក្នុងយុទ្ធសាស្រ្តទី៦ ក្នុងការលើកកម្ពស់សមភាពយេនឌ័រនៅក្នុងវិស័យការងារផងដែរ។

លោក ហេង សួរ ក៏បានថ្លែងថា ក្រសួងនឹងផលិតជាផុសស្ទ័រអប់រំ ដើម្បីបិតផ្សាយនៅតាមបណ្តារោងចក្រ សហគ្រាស ដើម្បីឱ្យកម្មករនិយោជិត និងនិយោជកយល់ដឹងអំពីការបង្ការ និងលុបបំបាត់អំពើហិង្សានិងការបៀតបៀនគ្រប់ទម្រង់លើស្ត្រី។ គួរបញ្ជាក់ថា យុទ្ធនាការ ១៦ថ្ងៃ នៃសកម្មជនប្រឆាំងនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ១៩៩១ ដែលត្រូវបានរៀបចំជារៀងរាល់ឆ្នាំចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង