Cctimesw1140xh150cm copy

ធនាគារជាតិនៃកម្ពុជាស្នើសុំការគាំទ្រពីភាគីចិនក្នុងការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនរបស់ចិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
រូបភាព៖ ធនាគារជាតិ នៃកម្ពុជា

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា ស្នើសុំការគាំទ្រពីភាគីចិនក្នុងការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនរបស់ចិន ដើម្បីបន្ថែមភាពងាយស្រួល និងផ្តល់ជាជម្រើសក្នុងការទូទាត់ឆ្លងដែន ដែលជាផ្នែកមួយក្នុងការទាក់ទាញវិនិយោគិន ការធ្វើធុរកិច្ច ពាណិជ្ជកម្ម និងទេសចរចិន។ សំណើរនេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងាររវាងលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ជាមួយគណៈប្រតិភូនៃស្ថានទូតចិនប្រចាំនៅកម្ពុជា ដឹកនាំដោយលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅធនាគារជាតិនៃកម្ពុជា។

នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំស្ថាប័នទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន ជាពិសេសក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ។ លោកស្រី ជា សិរី បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាង ធនាគារជាតិនៃកម្ពុជា ជាមួយ ធនាគារកណ្តាលចិន គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុចិន និងក្រុមហ៊ុនចិនមួយចំនួន ព្រមទាំងបានលើកឡើងថា ដើម្បីជំរុញវិស័យពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ ប្រព័ន្ធទូទាត់ឆ្លងដែនត្រូវបានតភ្ជាប់ ជាពិសេស ប្រតិបត្តិការទូទាត់ផ្ទាល់ដោយប្រើប្រាស់រូបិយវត្ថុជាតិនៃប្រទេសទាំងពីរ។ ក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ ទេសចរចិនអាចប្រើប្រាស់កម្មវិធីទូស័ព្ទដៃក្នុងការទូទាត់នៅកម្ពុជាតាមឃ្យូអរកូដ។

នាឱកាសនោះដែរ លោកស្រី ជាសិរី បានស្នើសុំការគាំទ្រពីភាគីចិនក្នុងការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនរបស់ចិន ដើម្បីបន្ថែមភាពងាយស្រួល និងផ្តល់ជាជម្រើសក្នុងការទូទាត់ឆ្លងដែន ដែលជាផ្នែកមួយក្នុងការទាក់ទាញវិនិយោគិន ការធ្វើធុរកិច្ច ពាណិជ្ជកម្ម និងទេសចរចិនផងដែរ។

ឯកអគ្គរដ្ឋទូតចិន បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពដែកថែបនៃប្រទេសទាំងពីរលើគ្រប់វិស័យ ជាពិសេស កិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុដ៏ល្អរវាងប្រទេសទាំងពីរ។ លោកគាំទ្រលើការបន្តការតភ្ជាប់ប្រព័ន្ធទូទាត់រវាងប្រទេសទាំងពីរ ដើម្បីសម្រួលដល់ការទូទាត់ឆ្លងដែន និងពង្រឹកទំហំពាណិជ្ជកម្ម ស្របតាមចក្ខុវិស័យរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង