Cctimesw1140xh150cm copy

CDCជួបពិភាក្សាការងារជាមួយក្រុមហ៊ុនវិនិយោគអាម៉េរិកចំនួន១៦ពីឱកាសវិនិយោគនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគរបស់អាម៉េរិកចំនួន ១៦ក្រុមហ៊ុន អំពីឱកាសវិនិយោគនៅកម្ពុជា ហើយក្រុមហ៊ុនទាំងនោះបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនចំពោះការវិនិយោគលើវិស័យបច្ចេកវិទ្យា កសិឧស្សាហកម្ម និងអប់រំជាដើម។

លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យគណៈប្រតិភូវិនិយោគរបស់អាម៉េរិកចំនួន ១៦ក្រុមហ៊ុន ដឹកនាំដោយលោក គឹម ឆាហួត អគ្គកុងស៊ុលកិត្តិយសកម្ពុជា និងជាប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូវិនិយោគរបស់អាមេរិកនាឱកាសនេះ គឺកើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចទាក់ទាញ និងជំរុញវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំដោយផ្ទាល់ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៅកាន់សហរដ្ឋអាម៉េរិកកាលពីខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនេះ។ ដំណើរទស្សនកិច្ចរបស់ប្រតិភូវិនិយោគរបស់អាម៉េរិកមកដល់ប្រទេសកម្ពុជាដោយផ្ទាល់នេះបានបង្ហាញពីភាពទាក់ទាញខ្ពស់ ប្រកបដោយសក្តានុពល និងភាពអំណោយផលនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ជាពិសេស ក្រុមហ៊ុនដែលចូលរួមទាំងនោះបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនលើវិស័យមានជាអាទិ៍ បច្ចេកវិទ្យា កសិឧស្សាហកម្ម និងអប់រំជាដើម។

ក្នុងនោះ លោក គឹម ឆាហួត ក៏បានលើកឡើងអំពីផែនការដំណើរបេសកកម្មរបស់គណៈប្រតិភូវិនិយោគសហរដ្ឋអាម៉េរិកមកកម្ពុជា ដែលនឹងរៀបចំចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ក្នុងគោលបំណងណែនាំឱ្យធុរកិច្ចជនសហរដ្ឋអាម៉េរិកបានជួបពិភាក្សាការងារជាមួយរាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍ធុរកិច្ចកម្ពុជា ដើម្បីស្វែងយល់អំពីកាលានុវត្តភាពវិនិយោគ និងការលើកទឹកចិត្តនានាសម្រាប់ការវិនិយោគនៅកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង