ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី ៩ ធ្នូ បានចេញនូវសេចក្តីណែនាំ ស្តីពីការប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ លើបណ្តាញទំនាក់ទំនងសង្គម។ក្នុងសេចក្តីណែនាំនោះ អគ្គស្នងកានគរបាលជាតិណែនាំចំនួន៥ចំណុច ហើយទាមទារឱ្យប្រធាននាយកដ្ឋានទាំងអស់គោរព និង អនុវត្ត។
យោងតាមសេចក្តីណែនាំ អគ្គស្នងការដ្ឋាននគរបាលជាតិ បានស្នើឱ្យគ្រប់មន្ត្រីក្រោមឱវាទទាំងអស់ត្រូវរឹតបន្តឹងការប្រើប្រាស់ ឯកសណ្ឋានក្នុងការផលិតវីដេអូ ការសម្តែងនានា ដែលផ្សព្វផ្សាយតាមបណ្តាញសង្គម មន្ត្រីទាំងអស់ត្រូវពិចារណាឱ្យបានម៉ត់ចត់មុនសម្រេចពីការប្រើប្រាស់ឯកសណ្ឋានបង្ហោះតាមបណ្តាញសង្គម។ត្រូវប្រើប្រាស់ឱ្យចំម៉ោងធ្វើការ និង ច្បាប់ដែលបានកំណត់។