ភ្នំពេញ៖ ត្រីប្រហុក ផ្អក ត្រីឆ្អើ នឹងចាប់ផ្ដើមត្រូវចាប់ពីថ្ងៃទី ០៨ រហូតដល់ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៤ ដោយត្រី នឹងចាប់ផ្ដើមបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល រាជធានីភ្នំពេញ។
យោងតាមរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសេចក្ដីជូនដំណឹង នៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២៤ ថា ក្នុងរដូវនេសាទ ឆ្នាំ ២០២៤-២០២៥ ត្រីចាប់ផ្ដើមបន្លាស់ទីចេញពីបឹងទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដាយត្រីតាមដងទន្លេសាបនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល រាជធានីភ្នំពេញ ចាប់ពីថ្ងៃ០៨ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងនូវឥទ្ធិពលភ្លៀង។
ជាមួយគ្នានោះ រដ្ឋបាលជលផល ក៏បានប្រកាសដល់ពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើ ឬទឹកត្រីរួសរាន់ទៅទិញត្រីតាមពេលវេលាដែលបានបញ្ចាក់ជូនខាងលើ។ ហើយអាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ ត្រូវជួយសម្របសម្រួលជូនដល់ប្រជាពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផល ផលិតផលត្រីដោយរលូនតាមការគួរ៕