Cctimesw1140xh150cm copy

CDCអនុម័តគម្រោងវិនិយោគ៤៣មានទុនសរុបជាង៩៣៩លានដុល្លារក្នុងខែវិច្ឆិកាឆ្នាំ២០២៤

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តគម្រោងវិនិយោគចំនួន៤៣ ដែលមានទុនវិនិយោគសរុប ៩៣៩លានដុល្លារ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងនោះ គម្រោងថ្មីមានចំនួន ៤០គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន៣គម្រោង និងអាចបង្កើតការងារបានប្រមាណ ៣៩ពាន់កន្លែង។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤។

បើតាមសេចក្ដីប្រកាស ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិត នៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣២គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១១គម្រោង។

ជាការកត់សម្គាល់ គម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ដែលមានភាពលេចធ្លោជាងគេប្រចាំខែវិច្ឆិការួមមាន៖ ១. គម្រោងពង្រីកផលិតកម្ម របស់គម្រោងវិនិយោគសេវាទូរគមនាគមន៍មូលដ្ឋាន (ប្រព័ន្ធទូរស័ព្ទចល័ត) ទីតាំងរាជធានី-ខេត្តទូទាំងប្រទេស ទុនវិនិយោគបន្ថែម ៤៨០លានដុល្លារ និងបង្កើតការងារ៖ ២,០០៤កន្លែង។

២. ទេសចរណ៍៖ គម្រោងវិនិយោគបង្កើតសណ្ឋាគារផ្កាយ៥ ចំនួន៣០០បន្ទប់ ទីតាំង ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ទុនវិនិយោគ ៧០លានដុល្លារអាម៉េរិក និងបង្កើតការងារៈ៖ ៨២២កន្លែង។

៣. ឧស្សាហកម្ម៖ គម្រោងវិនិយោគបង្កើតរោងចក្រផលិតភេសជ្ជៈប៉ូវកម្លាំង ទីតាំងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទុនវិនិយោគ ៣៩លានដុល្លារអាម៉េរិក បង្កើតការងារ១១៥កន្លែង។

៤. ឧស្សាហកម្ម៖ គម្រោងវិនិយោគបង្កើតរោងចក្រផលិតអំពូលភ្លើងលំអដើមណូអែល, ពួកខ្យល់ និងគ្រឿងសង្ហារិម ទីតាំងភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ទុនវិនិយោគ៖ ៣៥លានដុល្លារអាម៉េរិក និងបង្កើតការងារ ១៩៣០កន្លែង។

ចំណែកក្នុងតំបន់សេដ្ឋកិច្ចពិសេសដូចជា៖ គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស ទីតាំងភូមិត្រពាំងតោ និងភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទុនវិនិយោគ ៥០.៥លានដុល្លារអាមេរិក និងបង្កើតការងារ២០៣កន្លែង។ គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម និងផលិតគ្រឿងបន្ទាប់បន្សំបន្ទះសូឡា ទីតាំងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទុនវិនិយោគ៣០លានដុល្លារអាម៉េរិក និងបង្កើតការងារ ១៦០កន្លែង។

គួរបញ្ជាក់ថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ការវិនិយោគមកពីវៀតណាម ស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៥១.០៨% នៃទុនវិនិយោគសរុប, ចិនស្ថិតនៅលំដាប់លេខរៀងទី២ ដោយបានរួមចំណែក ២៤.២៦% នៃទុនវិនិយោគសរុប និង កម្ពុជាស្ថិតនៅលំដាប់លេខរៀងទី៣ ដោយបានរួមចំណែក ១៤.៤៩% នៃទុនវិនិយោគសរុប៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង