ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបង្កើតម៉ាស៊ីនបកប្រែ TranslateKH ជំនាន់ទី១ នៅលើវេប និង TranslateKH_bot នៅលើតេឡេក្រាម ដែលជាជំនួយការឆ្លាតមានលទ្ធភាពអាចជួយដល់ការបកប្រែពាក្យ ឃ្លាប្រយោគ ឬអត្ថបទ ពីភាសាខ្មែរទៅភាសាអង់គ្លេស និងពីភាសាអង់គ្លេសមកភាសាខ្មែរវិញ បានលឿនរហ័សជាមួយនឹងភាពត្រឹមត្រូវកម្រិតខ្ពស់ (ប្រមាណ ៩៧% សម្រាប់អត្ថបទទាក់ទងនឹងកិច្ចសន្ទនានិងសារព័ត៌មានទូទៅ)។ កម្មវិធីនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
បើតាមសេចក្ដីជូនដំណឹង ម៉ាស៊ីនបកប្រែ TranslateKH គឺជាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI)មួយ ដែលត្រូវបានបង្កើតឡើងប្រើប្រាស់វិធីសាស្ត្រសិក្សាស៊ីជម្រៅ(Deep Learning)។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានប្រកាសដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនបកប្រែ TranslateKH ជំនាន់ទី១ជាសាធារណៈដោយឥតគិតថ្លៃចាប់ពីថ្ងៃជូនដំណឹងតទៅ។
គួរបញ្ជាក់ថា កម្មវិធីបកប្រែ TranslateKH ជាកម្មវិធីជំនួយការឆ្លាតសម្រាប់បកប្រែពាក្យ ឃ្លា ប្រយោគ ឬអត្ថបទពីភាសាខ្មែរ ទៅ ភាសាអង់គ្លេស និងពីភាសាអង់គ្លេស ត្រឡប់មកភាសាខ្មែរវិញ ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) និងបច្ចេកវិទ្យាសិក្សាស៊ីជម្រៅ (Deep Learning)។ បច្ចុប្បន្ន កម្មវិធីនេះ ត្រូវបានបង្កើតឡើងជាមួយទិន្នន័យប្រមាណជា ១៥លានឃ្លាបកប្រែ ដែលពាក់ព័ន្ធនឹងកិច្ចសន្ទនាទូទៅនិងសារព័ត៌មានជាតិ-អន្តរជាតិ ព្រមទាំងទទួលបានលទ្ធផលតេស្តប្រមាណ ៩៧% លើសុក្រឹតភាពនៃលទ្ធផល៕