ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវគ្គវិក្រឹតការគ្រូបច្ចេកទេសស្តីពី «វិធីសាស្រ្តបង្រៀន និង ការប្រើប្រាស់ម៉ូឌុលតាមជំនាញ» ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការចូលរួមដោយលោកគ្រូ អ្នកគ្រូជាសិក្ខាកាម បានសិក្សាស្វែងយល់ និង ពង្រឹងសមត្ថភាពគ្រូបច្ចេកទេស ដើម្បីបង្កើនគុណភាពនៅក្នុងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈនៅកម្ពុជា។
លោកគ្រូ ថៃ ឆេងម៉ៅ ជាគ្រូបង្រៀនមកពីវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានលើកឡើងថា គ្រូសិក្ខាកាមបានទទួលនូវការធ្វើបទបង្ហាញពីវាគ្មិនជាថ្នាក់ដឹកនាំនាយកដ្ឋាន, តំណាងវិស័យឯកជន, ថ្នាក់ដឹកនាំគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដែលធ្វើឱ្យយល់កាន់តែស៊ីជម្រៅលើការបង្រៀនជំនាញផងដែរ ហើយរយៈពេល១០ថ្ងៃនៃវគ្គវិក្រឹតការគ្រូនេះ ខ្លួនមានការយល់ដឹងច្រើនលើការប្រើប្រាស់ម៉ូឌុលតាមជំនាញ និងការតាក់តែងមេរៀនបង្រៀន, ផែនការជំនាញ និងវិធីសាស្រ្តថ្មីៗជាច្រើនលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈបានយ៉ាងល្អប្រសើរបន្ថែមលើចំណេះដឹងដែលមានស្រាប់។
ចំណែកអ្នកគ្រូ សាន គីមជេន ជាគ្រូបង្រៀននៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ អ្នកគ្រូមើលឃើញថានឹងធ្វើឱ្យកាន់តែប្រសើរឡើងនៃគុណភាពនៃការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅកម្ពុជា និងអាចទាក់ទាញយុវជន ពលរដ្ឋឱ្យមកទទួលយកការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសឱ្យកាន់តែទូលាយថែមមួយកំរិតទៀតនៅថ្ងៃអនាគត និងស្របតាមគោលបំណងរបស់រាជរដ្ឋាភិបាល គឺយុវជនត្រូវតែរៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ។
គួរបញ្ជាក់ថា វគ្គវិក្រឹតការគ្រូបច្ចេកទេសលើកទី២នេះ មានរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ដោយមានសិក្ខាកាមជាគ្រូបច្ចេកទេសមកពីគ្រឹះស្ថាន TVET នានា និងមានការធ្វើបទបង្ហាញពីវាគ្មិនមកពីនាយកដ្ឋានជំនាញ, តំណាងវិស័យឯកជន, និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ធ្វើឡើងដើម្បីពង្រឹងសមត្ថភាពគ្រូបច្ចេកទេស ក្នុងការអនុវត្តកញ្ចប់ស្តង់ដាបណ្តុះបណ្តាលស្របតាមគុណវុឌ្ឍិជាតិកម្ពុជា ដោយរួមចំណែកលើកកម្ពស់ និងគុណតម្លៃនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ សំដៅទាក់ទាញយុវជនឱ្យចាប់អារម្មណ៍ និងជ្រើសរើសរៀនវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសស្របតាមស្តង់ដាជាតិ និងតំបន់ផងដែរ៕